បាល់ទាត់អន្តរជាតិ
ខ្សែបម្រើក្រុមជម្រើសជាតិស៊ុយអែត រងគ្រោះជាមួយនឹងជម្ងឺដ៏កម្រមួយ
ជម្ងឺខួរក្បាលដ៏កម្រមួយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញកើតឡើងលើ Kristoffer Olsson ដែលជាកីឡាកររបស់ក្រុមជម្រើសជាតិស៊ុយអែត និងបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Midtjylland។ បន្ទាប់ពីការពិនិត្យខួរក្បាលជាច្រើនលើក គេបានឃើញមានដុំឈាមធំៗជាច្រើន ស្ថិតនៅលើផ្នែកទាំង 2 នៃខួរក្បាលរបស់កីឡាករវ័យ 28 ឆ្នាំរូបនេះ។
គេបានឲ្យដឹងថា នេះជាដំណើរការនៃជម្ងឺរលាកដ៏កម្រមួយនៅក្នុងសរសៃឈាមខួរក្បាល។ បច្ចុប្បន្នស្ថានភាពរបស់ Kristoffer Olsson មានស្ថិរភាព ដោយវេជ្ជបណ្ឌិតក៏បានកត់សម្គាល់ដែរថា វាមានការវិវត្តន៍បន្តិចបន្តួចប៉ុណ្ណោះ។ លើសពីនេះទៀត គេបានសង្កេតឃើញថា Kristoffer Olsson មានស្មារតីមាំទាំជាងមុន។
គួររំលឹកផងដែរថា មុនពេល Kristoffer Olsson ត្រូវបានគេរកឃើញជម្ងឺនេះ គឺគាត់បានសន្លប់បាត់ស្មារតីនៅផ្ទះរបស់គាត់ ដែលមូលហេតុគឺជាជម្ងឺធ្ងន់ធ្ងរពេកទាក់ទងនឹងខួរក្បាល។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានគេដាក់ឲ្យប្រើប្រាស់ឧបករណ៍ជំនួយដល់ខ្យល់ដង្ហើម។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះគ្រូពេទ្យកំពុងព្យាយាម ដកឧបករណ៍ជំនួយចេញជាបណ្តើរៗហើយ។ សម្រាប់រយៈពេលនៃការព្យាបាលឲ្យជាសះស្បើយដាច់ស្រឡះ នៅតែមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
ប្រភព: Dailysports