បាល់ទាត់អន្តរជាតិ
Diogo Jota នឹងខកខានការប្រកួត World Cup សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់

កាលពីពេលថ្មីៗនេះលោក Jurgen Klopp បានបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool និងជាកីឡាករក្រុមជម្រើសជាតិព័រទុយហ្គាល់ Diogo Jota នឹងខកខានការប្រកួត World Cup 2022 នៅប្រទេសកាតាដោយសារកំពុងមានរបួសកំភួនជើង។
ដោយឡែកកីឡាករវ័យ 25 ឆ្នាំរូបនេះបានដួលនៅប៉ុន្មានវិនាទីជិតនឹងការប្រកួតបញ្ចប់ ក្នុងជ័យជម្នះ 1-0 ទៅលើក្លឹប Manchester City កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ហើយត្រូវបានគេដាក់ហ្វ្រង់កាសែងចេញពីកន្លែងប្រកួត។ របួសរបស់ Jota មានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ ដែលធ្វើឲ្យគាត់ត្រូវអវត្តមានពីលើទីលានរហូតដល់ការប្រកួត World Cup នៅចុងឆ្នាំនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការប្រកួតនៅថ្ងៃពុធជាមួយក្រុមញញួរធំ West Ham United គ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហើបថា របួសរបស់ Jota គឺធ្ងន់ធ្ងរណាស់ ហើយគាត់នឹងមិនអាចលេងឲ្យក្រុមជ្រើសជាតិ នៅខែក្រោយនេះបានទេ។
Jurgen Klopp បាននិយាយបន្ថែមទៀតថា៖ “មិនមែនជាព័ត៌មានល្អរបស់ Diogo Jota ទេ។ គាត់នឹងខកខានការប្រកួត World Cup។ វាជារបួសសាច់ដុំកំភួនជើងធ្ងន់ធ្ងរណាស់។ ជាដំណឹងដ៏ក្រៀមក្រំសម្រាប់គាត់, សម្រាប់ពួកយើង និងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់”។
ប្រភព: Sportsmole