បាល់ទាត់អន្តរជាតិ
Rakitic អះអាងថា ប្រសិន Messi លេងជាខ្សែការពារឆ្វេង ក៏គាត់នៅតែអាចក្លាយជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
អតីតខ្សែបម្រើរបស់ក្លឹប Barcelona គឺកីឡាករ Ivan Rakitic បានសរសើរពីភាពប៉ិនប្រសព្វរបស់អតីតមិត្តរួមក្រុមរបស់គាត់ Lionel Messi ក្នុងការបង្ហាញសមត្ថភាពនៅលើទីលានប្រកួត។ យ៉ាងណាមិញ Rakitic បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al-Shabab ក្នុងលីគអារ៉ាប៊ីសាអូឌីត ខណៈដែល Messi លេងនៅក្លឹបអាមេរិក Inter Miami។
យោងតាមសម្ដីរបស់ Rakitic ដែលបានដកស្រង់ដោយ Mundo Deportivo បានឲ្យដឹងថា៖ “Lionel Messi គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ ហើយប្រសិនបើគាត់មានគោលបំណងផ្លាស់ប្ដូរ ទៅលេងជាខ្សែការពារឆ្វេង នោះគាត់នៅតែជាកីឡាករដ៏ល្អបំផុតក្នុងពិភពលោក។ គាត់មានលក្ខណៈប្លែក និងខុសពីគេ ទោះបីពេលខ្លះគាត់មិនមែនជាកាពីតែនក្រុមល្អ ដែលប្រាប់អ្នកពីអ្វីដែលត្រូវធ្វើក៏ដោយ”។
គួរដឹងផងដែរថា កីឡាករសញ្ជាតិក្រូអាត Ivan Rakitic ធ្លាប់លេងជាមួយ Messi នៅ Barcelona ពីឆ្នាំ 2014 ដល់ 2020។ ងាកមកខ្សែប្រយុទ្ធឆ្នើម Lionel Messi គាត់បានគ្រងតំណែងជាកាពីតែនក្រុមរយៈពេល 3 រដូវកាលពីឆ្នាំ 2018 ដល់ 2021 បន្ទាប់ពីការចាកចេញរបស់ Andres Iniesta។
ប្រភព: Telecomasia