Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Real Madrid កំពុង​ពិចារណា​លក់ Vinicius Jr ដើម្បី​ប្ដូរ​យក Kylian Mbappe

Published

on

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ត្រូវ​បាន​គេ​រាយការណ៍​ថា សុខ​ចិត្ត​បាត់​បង់ Vinicius Junior ដើម្បី​ប្តូរ​យក​ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Kylian Mbappe នៅ​រដូវក្តៅ​នេះ។

យ៉ាង​ណា​មិញ Vinicius បាន​មក​ដល់ Santiago Bernabeu ដោយ​ផ្ទេរ​ពី Flamengo ក្នុង​ខែ​កក្កដា ឆ្នាំ 2018 ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ ដោយ​ស៊ុត​បញ្ចូលទី​បាន 54 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 52 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 208 ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ទាំង​អស់​របស់​ក្លឹប។

កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​គឺ​ជា​អ្នក​ដែល​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​របស់ Real Madrid រដូវ​កាល​នេះ។ លើស​ពី​នេះ​ទៅ​ទៀត​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Carlo Ancelotti បាន​ចាត់​ទុក​កីឡាករ​ប្រេស៊ីល​រូប​នេះ​ថា​ជា​កីឡាករ​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។

យោងតាម​សារ​ព័ត៌មាន​អេស្ប៉ាញ El Desmarque បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ចង់​ចុះ​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ Vinicius Junior នៅ​ពេល​ឆាប់ៗ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រធាន​ក្លឹប​ឈឺ​ក្បាល​ជា​ខ្លាំង ខណៈ​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ កីឡាករ​មួយ​ចំនួន​របស់​ក្លឹប​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​អាកប្បកិរិយា​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។

Florentino Perez កំពុង​មាន​ការ​ព្រួយ​បារម្ភ​អំពី​រឿង​នេះ ដោយ​សញ្ជឹង​គិត​ថា តើ​ត្រូវ​លក់ Vinicius Jr ដើម្បី​ប្រមូល​ថវិកា​មក​ចំណាយ​​លើ​ការ​ផ្ទេរ​ដ៏​ធំ​សម្រាប់ Kylian Mbappe នៅ​រដូវ​ក្តៅ​នេះ​រឺ​យ៉ាង​ណា ដែល​ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​ផុត​កុងត្រា​នៅ​ខែ​មិថុនា ឆ្នាំ 2024។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២