បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ តោខៀវ Chelsea ប្រកាសបណ្ដេញ Graham Potter ចេញពីតំណែងជាគ្រូបង្វឹក

កាលពីម្សិលមិញនេះ ក្លឹបតោខៀវ Chelsea បានបណ្តេញលោក Graham Potter ចេញពីតំណែងជាគ្រូបង្វឹកហើយ បន្ទាប់ពីដឹកនាំបានត្រឹមតែ 7 ខែប៉ុណ្ណោះ ខណៈដែលតោខៀវបច្ចុប្បន្នមានទម្រង់លេងមិនសូវល្អឡើយ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ 11 ក្នុងតារាង Premier League ផងដែរ។
អតីតគ្រូបង្វឹករបស់ក្លឹប Brighton រូបនេះ បានចូលមកកាន់តំណែងនៅតោខៀវ បន្តពីលោក Thomas Tuchel ដែលបានចាកចេញកាលពីខែកញ្ញាកន្លងទៅ។ Graham Potter បានដឹកនាំក្រុមឲ្យឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែមិនមានការរំពឹងទុកថា ក្លឹបនឹងទទួលបានសមិទ្ធិផលអ្វីធំដុំឡើយនៅរដូវកាលនេះ។
ការដឹកនាំ 9 ប្រកួតដំបូងរបស់លោក Graham Potter នៅតោខៀវ Chelsea មិនស្គាល់ចាញ់សោះ ប៉ុន្តែបន្តពីនោះមក ទម្រង់លេងរបស់ក្រុមមិនល្អឡើយ ហើយពួកគេស្គាល់ជ័យជម្នះចំនួន 6 ប្រកួតប៉ុណ្ណោះ ពីការប្រកួត 22 លើកចុងក្រោយរបស់ខ្លួន។ ប្រកួតចុងក្រោយដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ គឺការចាញ់ Aston Villa 2-0 កាលពីថ្ងៃទី 1 ដើមខែនេះ ហើយជាហេតុផលចំបងដែលក្លឹបសម្រេចចិត្តចែកផ្លូវជាមួយគាត់នាពេលនេះតែម្ដង។
ប្រភព: Sportsmole