បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ត្រៀមចាយលុយ 40 លានអឺរ៉ូ លើអ្នកចាំទី Andre Onana

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សំណើរជាទឹកប្រាក់ចំនួន 40 លានអឺរ៉ូ (35.2 លានផោន) ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Andre Onana របស់ Inter Milan ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញអតីតអ្នកចាំទីក្លឹប Ajax រូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករដ៏លេចធ្លោរមួយរូប បន្ទាប់ពីគាត់បានចំណាយពេល 7 ឆ្នាំនៅ Amsterdam ជាមួយនឹងការឈ្នះបានរង្វាន់ជាច្រើន មុនពេលចាកចេញទៅ Inter Milan កាលពីខែមករាឆ្នាំ 2022 ដើម្បីស្នងតំណែងរបស់ Samir Handanovic។
កីឡាករវ័យ 26 ឆ្នាំរូបនេះ បានលេងគ្រប់ការប្រកួតនៃយុទ្ធនាការ UEFA Champions League របស់ Inter Milan និងបានជួយឲ្យក្លឹបយក្សអ៊ីតាលីមួយនេះ ឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយផងដែរ បន្ទាប់ពីឈ្នះ Porto។ Inter Milan បានចងជើង Onana ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំរហូតដល់ឆ្នាំ 2027 ប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប អាចនឹងធ្វើឲ្យពួកគេពិចារណាលក់អ្នកចាំទីដ៏សំខាន់រូបនេះ។
យោងតាមកាសែត Gazzetta dello Sport បានឲ្យដឹងថា ក្លឹប Inter Milan នឹងមិនបដិសេធជាមួយនឹងសំណើរជាទឹកប្រាក់ខ្ទង់ 40 លានអឺរ៉ូ សម្រាប់លក់ Andre Onana ឡើយ។ ក្លឹបតោខៀវ Chelsea ជាក្លឹបតែមួយគត់ ដែលមានភាគរយខ្ពស់ ក្នុងការកំណត់គោលដៅដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិកាមេរូនរូបនេះ នៅរដូវក្ដៅខាងមុខ។
ប្រភព: Sportsmole