បាល់ទាត់អន្តរជាតិ
Fran Garcia ត្រឡប់មក Real Madrid វិញ ជាមួយនឹងតម្លៃផ្ទេរ 5 លានអឺរ៉ូ

កាលពីមុននេះបន្តិចក្លឹបយក្សអេស្ប៉ាញ Real Madrid បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារចំណូលថ្មី Fran Garcia ដែលជាអតីតកីឡាកររបស់ពួកគេពី Rayo Vallecano ក្នុងតម្លៃត្រឹមតែ 5 លានអឺរ៉ូ ប៉ុណ្ណោះ ដោយសារគេបានដាក់លក្ខខណ្ឌដោយមានសិទ្ធិទិញកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រឡប់មកវិញ។
ការវិលត្រឡប់មកលើកនេះ Fran Garcia បានចុះកុងត្រាជាមួយក្លឹប Real Madrid ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027។ យ៉ាងណាមិញ Fran Garcia គឺជាកីឡាករដែលប្រសូត្រចេញពីយុវជនថ្នាល Real Madrid’s Academy។ គាត់បានចំណាយពេលប៉ុន្មានរដូវកាលចុងក្រោយនេះនៅឆ្ងាយពីក្លឹប ប៉ុន្តែទម្រង់លេងដ៏លេចធ្លោរ ធ្វើឲ្យ Real Madrid ត្រូវបង្ខំចិត្តនាំយកគាត់មកវិញ។
Fran Garcia នឹងចូលមកបំពេញចំណុចខ្សោយនៅតំបន់ការពារឆ្វេងសម្រាប់ Real Madrid ដែលបានអូសបន្លាយពេញមួយរដូវកាល ដោយសារតែសមត្ថភាព និងរបួសរបស់ Ferland Mendy។ កីឡាករវ័យ 23 ឆ្នាំរូបនេះ គួរតែត្រូវបានប្រើប្រាស់ជាជម្រើស 11 នាក់ដំបូង ប្រសិនបើអាចបង្ហាញខ្លួនបានល្អ ស្របពេលដែលគាត់ក៏ជាកីឡាករល្បឿនលឿនផងដែរ។
ប្រភព: Managingmadrid