បាល់ទាត់អន្តរជាតិ
Nacho សម្រេចចិត្តចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ!!!
កាពីតែនក្រុមរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Nacho Fernandez នឹងសម្រេចចិត្តចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលកុងត្រារបស់គាត់ក៏នឹងផុតកំណត់ដូចគ្នា។ ស្របពេលជាមួយគ្នានោះ មានក្លឹបជាច្រើនពិសេស Inter Milan បានចាប់អារម្មណ៍លើកីឡាករដែលគ្មានតម្លៃខ្លួនរូបនេះ។
ក្នុងនាមជាកីឡាករចាស់វស្សា និងលេងឲ្យក្លឹបតាំងពីនៅឈុតយុវជនមកនោះ Nacho បានឡើងកាន់តួនាទីជាប្រធានក្រុមនៅដើមរដូវកាលនេះ ដោយជំនួសតំណែង Karim Benzema ដែលចាកចេញទៅ Saudi Pro League។ កីឡាករវ័យ 34 ឆ្នាំរូបនេះ គឺជាផ្នែកសំខាន់មួយរបស់ Real Madrid អស់រយៈពេលជាង 1 ទសវត្សរ៍មកហើយ។
ខ្សែការពារ Nacho Fernandez មិនដែលចាកចេញទៅលេងនៅក្លឹបណាផ្សេងក្រៅពី Real Madrid ឡើយ ហើយគាត់បានចំណាយពេលសរុបនៅក្លឹបរយៈពេលរហូតដល់ 23 ឆ្នាំ។ យោងតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានជ្រើសរើសជម្រើសរបស់ខ្លួនរួចហើយ ដោយចាកចេញក្លឹបរបស់ខ្លួនដើម្បីសាកល្បងបទពិសោធន៍នៅក្លឹបថ្មី ហើយគាត់បានជូនដំណឹងនេះដល់គ្រូបង្វឹក និងថ្នាក់ដឹកនាំរបស់ក្លឹបរួចហើយផងដែរ។
ប្រភព: Sportsmole