Connect with us

បាល់ទាត់អន្តរជាតិ

របួស ACL នៅ​ប្រកួត​បើក​ឆាក! Eder Militao អាច​នឹង​អវត្តមាន​ស្ទើរ​ពេញ​មួយ​រដូវកាល

Published

on

ក្នុង​រយៈពេល​ជាង 24 ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ក្លឹប Real Madrid បាន​ប្រកាស​ពី​របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​របស់ Thibaut Courtois ហើយ​ក៏​បន្ត​កើត​ឡើងទៅ​លើ​កីឡាករ​របស់​ពួក​គេ​ម្នាក់​ទៀត ដែល​ជា​ខ្សែការពារ​កណ្ដាល Eder Militao។ ខ្សែការពារ​រូប​នេះ បាន​រងរបួស​នៅក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​រវាង Real Madrid និង Athletic Bilbao។

យ៉ាង​ណា​មិញ​របួស​របស់ Eder Militao បាន​កើត​ឡើង​នៅ​ពេល​ដែល​គាត់​ព្យាយាម​ដណ្ដើម​បាល់ពី Oihan Sancet ក្នុង​នាទីទី 50 បន្ទាប់​ពី Real Madrid បាន​ស៊ុត​បញ្ចូលទី​នាំ​មុខ Athletic Bilbao 2-0។ ខ្សែការពារ​ឆ្នើម​​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​បញ្ហា​របួស​ជង្គង់ ACL ហើយ​នឹង​ត្រូវ​វះកាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ Militao នឹង​អាច​អវត្តមាន​យ៉ាង​តិច 6 ខែ (នេះ​បើ​យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano)។

Militao គឺ​ជា​ខ្សែ​ការពារ​កណ្តាល​សញ្ជាតិ​ប្រេស៊ីល​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ដូច្នេះ​របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​របស់​គាត់ អាច​នឹង​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់ Real Madrid ផង​ដែរ។ ពេល​នេះ​ជម្រើស​ខ្សែការពារ​របស់​ក្លឹប​អធិរាជស​មាន Antonio Rudiger, David Alaba និង​មាន Nacho Fernandez។

ប្រភព: Managingmadrid

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២