Connect with us

បាល់ទាត់អន្តរជាតិ

Kylian Mbappe កំពុង​ពិចារណា​បន្ត​កុងត្រា​ថ្មី​បន្ថែម​មួយ​ឆ្នាំ​ទៀត ជាមួយ PSG

Published

on

ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លឹប Paris Saint-Germain កំពុង​ពិភាក្សា​ជា​មួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដើម្បី​ចុះ​ហត្ថលេខា​​លើ​កុងត្រា​ថ្មី នេះ​បើ​យោងតាម Foot Mercato បាន​ចុះ​ផ្សាយ។ ការអះអាង​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ក្លឹប​ម្ចាស់​ជើង​ឯក Ligue 1 បាន​សម្រប​សម្រួល​ត្រូវ​រូវ​គ្នា និង​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ មក​ចូល​ក្នុង​ក្រុម​ឈុត​ធំ​វិញ។

យ៉ាង​ណា​មិញ យើង​បាន​ដឹង​ហើយ​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន Kylian Mbappe ត្រូវ​បាន​ក្លឹប​ដក​ឈ្មោះ​​ចេញ​ពី​ក្រុម​ឈុត​ធំ ហើយ​ក៏​មិន​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់ PSG ផង​ដែរ។ រឿង​នេះ​កើត​ឡើង ដោយ​សារ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ មិន​ព្រម​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​ជាមួយ PSG។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រធាន​ក្លឹប PSG លោក Nasser Al Khelaifi បាន​ប្រាប់​ថា Kylian Mbappe បាន​វិល​ត្រឡប់​មក​លេង​ជា​មួយ​មិត្ត​រួម​ក្រុម​ជា​ធម្មតា​វិញ​ហើយ ហើយ​ឥឡូវនេះ​កំពុង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​គ្រូ​បង្វឹក​លោក Luis Enrique។

លើស​ពី​នេះ​ទៅ​ទៀត របាយការណ៍​ចុង​ក្រោយ​មួយ​បាន​អះអាង​ថា ពេល​នេះ Mbappe កំពុង​ស្ថិត​​ក្នុង​ការ​ពិភាក្សា​ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី​នៅ PSG។ គេ​បាន​ដឹង​ថា វា​ជា​ការ​បន្ត​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​បន្ថែម​ទៀត ដែល​មាន​ន័យថា Mbappe នឹង​ត្រូវ​ជាប់​កុងត្រា​រហូត​ដល់​ឆ្នាំ 2025 ជាមួយ​ក្លឹប​យក្ស​បារាំង។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២