បាល់ទាត់អន្តរជាតិ
Greenwood នឹងមានឱកាសត្រឡប់មកបិសាចក្រហមវិញ នៅរដូវកាលក្រោយ
ខ្សែប្រយុទ្ធឆ្នើម Mason Greenwood នឹងត្រឡប់មក Manchester United វិញនៅពេលដែលការខ្ចីជើងរបស់គាត់នៅ Getafe បញ្ចប់នៅឆ្នាំក្រោយ។ យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុន Getafe ដែលជាក្លឹបនៅ La Liga បានចុះហត្ថលេខាលើ Greenwood ដែលជាការខ្ចីជើងពេញមួយរដូវកាល ពីក្លឹបបិសាចក្រហម។
កីឡាករវ័យ 21 ឆ្នាំរូបនេះ បានចាកចេញពី Manchester United ដែលជាក្លឹបពីកុមារភាពរបស់គាត់ បន្ទាប់ពីមានរឿងអាស្រូវ ដោយបានបាត់មុខពីពិភពបាល់ទាត់អស់រយៈពេលជាយូរ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសរូបនេះ នៅមានកុងត្រាជាមួយបិសាចក្រហមរហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
គេបានមើលឃើញថា Greenwood នឹងមានឱកាសចាប់ផ្តើមអាជីពបាល់ទាត់របស់គាត់ឲ្យវិលមកកម្រិតកំពូលឡើងវិញបាន នៅក្នុងប្រទេសអេស្ប៉ាញពេញមួយរដូវកាលនេះ។ គាត់ត្រូវបានគេរំពឹងថា នឹងត្រឡប់មក Old Trafford វិញ ក្នុងខែមិថុនាឆ្នាំក្រោយ។ បិសាចក្រហមមិនទាន់ចង់បាត់បង់កីឡាករឆ្នើមរូបនេះឡើយ ខណៈអ្នកជំនាញបាល់ទាត់លោក Fabrizio Romano បានលើកឡើងថា៖ “ក្នុងការខ្ចីជើងទៅប្រទេសអេស្ប៉ាញនេះ Manchester United សុខចិត្តបង់លុយច្រើនជាង 50% នៃប្រាក់ខែរបស់គាត់ ហើយ Getafe គ្រាន់តែចំណាយលើផ្នែកតូចមួយប៉ុណ្ណោះ”។
ប្រភព: Dailypost NG


