បាល់ទាត់អន្តរជាតិ
Man City ត្រៀមតម្លើងប្រាក់ខែឲ្យ Erling Haaland ក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅក្លឹបរបស់ខ្លួន

ក្លឹបមេឃខៀវ Manchester City បានត្រៀមខ្លួនរួចរាល់ ក្នុងការតម្លើងប្រាក់ឈ្នួលរបស់ Erling Haaland ដែលការតម្លើងនោះស្ទើរតែស្មើមួយគុណនឹងពីរដងនៃប្រាក់ពលកម្មរបស់គាត់នាពេលបច្ចុប្បន្ន។ Man City ធ្វើបែបនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Real Madrid មកលើកីឡាកររូបនេះ (នេះបើយោងតាមកាសែត Daily Star)។
យ៉ាងណាមិញ កីឡាករសញ្ជាតិន័រវេសរូបនេះមានប្រាក់ពលកម្ម 375,000 ផោន ក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករមានប្រាក់ចំណូលខ្ពស់ជាងគេរួចទៅហើយនៅ Etihad ជាមួយនឹង Kevin De Bruyne។ ប៉ុន្តែ Man City គ្រោងនឹងផ្តល់ជូនគាត់នូវកុងត្រាថ្មីមួយជាមួយពួកគេ ហើយកុងត្រានោះមានលក្ខខណ្ឌប្រាក់ឈ្នួលរហូតដល់ 600,000 ផោន ក្នុងមួយសប្តាហ៍។
ដោយឡែកកុងត្រាបច្ចុប្បន្នរបស់ Haaland មានសុពលភាពរហូតដល់ឆ្នាំ 2027 ប៉ុន្តែក្លឹបម្ចាស់ជើងឯក Premier League ចង់ឲ្យកីឡាករវ័យ 23 ឆ្នាំរូបនេះបន្តកុងត្រាថ្មីបន្ថែមទៀត ដែលលើសពីកុងត្រាដែលមានស្រាប់។ ប្រហែលជាពួកគេមានការបារម្ភខ្លះៗក្រោយដឹងថា Real Madrid និងក្លឹបមានឥទ្ធិពលជាច្រើនទៀតចង់បានខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះ។
ប្រភព: Dailypost NG