បាល់ទាត់អន្តរជាតិ
Man United បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឲ្យទៅមើលទម្រង់លេងខ្សែការពារ Antonio Silva របស់ក្លឹប Benfica
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ និងកំពុងពិចារណាលើការផ្ទេរខ្សែការពារ Antonio Silva របស់ក្លឹប Benfica។ គេបានដឹងថា ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ គ្រូបង្វឹកលោក Erik ten Hag ត្រូវបានក្លឹបផ្ដល់លទ្ធភាពនៃការពង្រឹងបន្ថែមទៅលើតំបន់ខ្សែការពារកណ្តាលរបស់ខ្លួន។
អនាគតរបស់ Harry Maguire នៅតែជាប្រធានបទដ៏ក្តៅគគុក ខណៈដែលខ្សែការពារម្នាក់ទៀតគឺ Jonny Evans ក៏មានវេលាខ្លីជាមួយបិសាចក្រហមផងដែរ។ ខែមករា ឆ្នាំក្រោយ ទ្វារនៃការដោះដូរកីឡាករនឹងបើកឡើងវិញ ស្របពេលដែលខ្សែការពារមួយចំនួនកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Old Trafford ដូចជា Jean-Clair Todibo របស់ Nice និង Jarrad Branthwaite របស់ Everton។
ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារកណ្តាលរបស់ក្លឹប Benfica គឺកីឡាករវ័យក្មេង Antonio Silva ក៏អាចនឹងមានឱកាសក្នុងការចូលរួមជាមួយបិសាចក្រហមដែរ។ យោងតាមរបាយការណ៍ពីគេហទំព័រ 90min.com បានឲ្យដឹងថា Manchester United បានបញ្ជូនអ្នកសង្កេតការណ៍ឲ្យទៅមើលពីស្ថានភាពកីឡាករវ័យ 19 ឆ្នាំរូបនេះ ក្នុងអំឡុងពេលសម្រាកអន្តរជាតិ ដែលគេមានឈ្មោះនៅក្នុងក្រុមឈុតធំរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់។
ប្រភព: Sportsmole