Connect with us

បាល់ទាត់អន្តរជាតិ

ទោះ​ទម្រង់​លេង​ល្អ​ក៏​ដោយ Real Madrid នៅ​តែ​មិន​​ចង់​ទិញ​ផ្ដាច់​កុងត្រា​របស់ Kepa ពី​តោខៀវ​ដែរ!!!

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា ពួកគេ​នឹង​មិន​ចំណាយ​ប្រាក់​លើស​ពី 17.5 លានផោន ដើម្បី​ចុះហត្ថលេខា​លើ​អ្នកចាំទី Kepa Arrizabalaga របស់ Chelsea នោះ​ឡើយ។ អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​មក​ដល់ Real Madrid ក្នុង​នាម​ជាអ្នក​ជំនួស​តំណែង​របស់ Thibaut Courtois។

កាល​ពី​ខែ​សីហា​កន្លង​ទៅ Thibaut Courtois បាន​រង​របួសជង្គង់​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ Real Madrid ត្រូវ​ស្វែងរក​អ្នកជំនួស​គាត់ ហើយ​ចុង​ក្រោយ​ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត ​ខ្ចី​ជើង​អ្នកចាំទី​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Kepa Arrizabalaga រយៈ​ពេល​ពេញ​មួយ​រដូវកាល 2023-2024។

Kepa Arrizabalaga បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ជាមួយ Real Madrid។ កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 12 ដង ទាំង​នៅ La Liga និង UEFA Champions League។ លើស​ពី​នេះ​ទៀត Arrizabalaga បាន​សារភាព​ថា គាត់​ចង់​ចុះហត្ថលេខា​ជាកីឡាករ​ផ្ដាច់​កុងត្រា ដើម្បីមក​ចូលរួម​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់ Real Madrid នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ផ្ទុយ​មក​វិញ យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា Real Madrid បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា ពួកគេ​នឹង​មិន​ចំណាយ​ប្រាក់​លើស​ពី 17.5 លានផោន ដើម្បី​ចុះ​ហត្ថលេខា​ទិញ​ផ្ដាច់​កុងត្រា​របស់ Arrizabalaga ឡើយ។ អ្នកចាំទី​រូប​នេះ នៅ​មាន​កុងត្រា​នៅ Chelsea រហូត​ដល់ 2025 ប៉ុន្តែ​បើ​តម្លៃ​ខ្លួន​របស់​គាត់​នៅ​តែ​ខ្ពស់​នោះ Real Madrid នឹង​សុខ​ចិត្ត​ឲ្យ​គាត់​ត្រឡប់​ទៅ​ទឹកដី​អង់គ្លេស​វិញ ពេល​លក្ខខណ្ឌ​នៃ​ការ​ខ្ចី​ជើង​ផុត​កំណត់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២