បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា មានក្លឹបមួយហ៊ានដាក់សំណើរលើ Lamine Yamal របស់ Barcelona ជាទឹកប្រាក់រហូតដល់ 200 លានអឺរ៉ូ
ក្លឹបយក្សបារាំង Paris Saint-Germain ពេលនេះកំពុងស្ថិតក្នុងស្ថានភាពតក់ក្រហល់ ក្នុងការស្វែងខ្សែប្រយុទ្ធស្លាបថ្មី ដើម្បីមកជំនួស Kylian Mbappe ដែលនឹងចាកចេញពីក្រុមនៅចុងបញ្ចប់នៃរដូវកាលនេះ។ របាយការណ៍ចុងក្រោយជាច្រើនបានបង្ហាញថា ពួកគេបានចាប់អារម្មណ៍លើកីឡាករ 3 រូបដែលកំពុងលេចធ្លោរខ្លាំងនៅ Serie A និងរួមទាំង Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពីកាសែតល្បីឈ្មោះរបស់អេស្ប៉ាញ Marca បានឲ្យដឹងថា PSG បានត្រៀមសំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីដាក់ទៅកាន់ Barcelona សម្រាប់ការទិញយកខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal។ ទឹកប្រាក់នៃសំណើរនោះត្រូវបានគេដឹងថា មានចំនួនរហូតដល់ 200 លានអឺរ៉ូ។
ផ្ទុយមកវិញ បើតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា Barcelona បានច្រានចោលសំណើរនេះ ដោយពួកគេចាត់ទុក Lamine Yamal ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន និងជាអ្នកបន្តមរតករបស់ Lionel Messi។ យ៉ាងណាមិញ Lamine Yamal បច្ចុប្បន្នប្រៀបដូចជាគ្រាប់ពេជ្រដែលចាប់ផ្ដើមបញ្ចេញពន្លឺកាន់តែខ្លាំងរបស់ Barcelona ហើយស្របពេលដែលកីឡាករជាច្រើនកំពុងមានរបួស កីឡាករវ័យ 16 ឆ្នាំរូបនេះមានឱកាសចូលលេងស្ទើរគ្រប់ប្រកួតសំខាន់ៗរបស់ក្រុម។ នៅរដូវកាលនេះគាត់ចូលលេងបាន 37 ប្រកួត ដោយរកបានគ្រាប់ស៊ុតបញ្ចូលទី 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង។
ប្រភព: Dailysports