បាល់ទាត់អន្តរជាតិ
ខ្សែការពារស្លាប Udogie នឹងខកខានមិនអាចចូលលេងបានរហូតដល់ចប់រដូវកាល
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដែលកំពុងព្យាយាមដណ្ដើមកៅអី Top-4 ក្នុងក្របខ័ណ្ឌ Premier League ពេលនេះកំពុងជួបប្រទះនូវបញ្ហាកីឡាកររបួសទៀតហើយ។ ខ្សែការពារឆ្វេង Destiny Udogie នឹងអវត្តមានក្នុងការប្រកួតទាំងអស់ដែលនៅសល់ក្នុងរដូវកាលនេះ ដោយសាររបួស។
Destiny Udogie ក៏ទើបនឹងប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram របស់គាត់ផងដែរ ដោយពេលនេះគាត់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ សម្រាប់ការប្រកួត Premier League បានឈានចូលដល់ជុំទី 32 ហើយ។ ដូច្នេះ Udogie នឹងខកខានការប្រកួតដែលនៅសល់ចំនួន 6 ប្រកួតទៀត។
គួរដឹងផងដែរថា កីឡាករសញ្ជាតិអ៊ីតាលីវ័យ 21 ឆ្នាំ Udogie គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Verona ហើយបានចូលរួមជាមួយ Tottenham Hotspur តាំងពីខែសីហា ឆ្នាំ 2022 តែពេលនោះបានខ្ចីជើងទៅ Udinese មួយរដូវកាល។ គាត់បានក្លាយជាកីឡាករជម្រើសដំបូងដ៏សំខាន់ ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Ange Postecoglou។
ប្រភព: Dailysports