Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur បដិសេធ​មិន​ឲ្យ​ខ្សែការពារ Destiny Udogie ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី

Published

on

ភ្នាក់ងារ​របស់​កីឡាករ Destiny Udogie បាន​អះអាង​ថា ខ្សែការពារ​​នេះ​បាន​ស្នើរសុំ​ឲ្យ​ក្លឹប​របស់​ខ្លួន Tottenham Hotspur អនុញ្ញាត​ឲ្យ​គាត់​ចូលរួម​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​ក្លឹប ដោយ​សារ​តែ​ពួក​គេ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ធ្វើ​ឲ្យ​របួស​កាន់តែ​ធ្ងន់ធ្ងរ។

ខ្សែការពារ​ឆ្វេង​វ័យ 20 ឆ្នាំ​រូបនេះ​បាន​រងរបួស​សាច់ដុំ​ចាប់​តាំង​ពី​គាត់​ត្រូវ​បាន​ប្ដូរ​ចេញ​ពី​ការ​ប្រកួត​ក្នុង​ជ័យជម្នះ 2-0 កាល​ពី​ខែ​មុន​ទៅ​លើ​ក្លឹប Fulham ហើយ​គាត់​បាន​ខកខាន​ការ​ប្រកួត​បន្ទាប់​ជាមួយ​នឹង Crystal Palace។ បន្ទាប់​មក Destiny Udogie បាន​ធ្វើ​តេស្តកាយ​សម្បទា​រួច​រាល់ ហើយ​ក៏​អាច​លេង​តទល់​នឹង​ក្លឹប​តោខៀវ Chelsea កាល​ពី​ជាង​មួយ​សប្តាហ៍​មុន ប៉ុន្តែ​គាត់​ត្រូវ​បាន​ទទួល​កាត​ក្រហម និង​បណ្តេញ​ចេញ​នៅ​នាទី​ទី 55។

ពេល​នោះ Tottenham Hotspur បាន​ចាញ់​ដ៏​ធ្ងន់ករ​ក្រោម​ស្នាដៃ​របស់ Chelsea ជាមួយ​នឹង​លទ្ធផល 4-1។ ប្រកួត​បន្ទាប់ Destiny Udogie ក៏​ជាប់​ពិន័យ​មិន​ឲ្យ​ចូល​លេង ខណៈ​ពេល​នោះ​មាន់​ខ្នាយមាស​បាន​ចាញ់ 2-1 ជាមួយ Wolverhampton កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន។

ចាប់​តាំង​ពី​ពេល​នោះ​មក​លោក Stefano Antonelli ដែល​ជា​ភ្នាក់​ងារ​របស់ Destiny Udogie បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្សែការពារ​រូប​នេះ​ចង់​ចូលរួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត​ក្នុង​ខែ​នេះ ប៉ុន្តែ Tottenham Hotspur បាន​សម្រេច​ចិត្ត​ថា វា​ជា​ការ​ល្អ​បំផុត​សម្រាប់​កីឡាករ​វ័យ​ក្មេង​របស់​ពួក​គេ បន្ត​ស្នាក់​នៅ​ក្លឹប​ក្នុង​អំឡុង​ពេល​នេះ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី ការ​រើ​ឡើង​វិញ​ជាមួយ​នឹង​របួស​ចាស់​របស់​គាត់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២