បាល់ទាត់អន្តរជាតិ
Ajax ត្រៀមចុះហត្ថលេខានាំយក Hakim Ziyech ត្រឡប់ទៅ Amsterdam វិញ

ក្លឹបតោខៀវ Chelsea និង AFC Ajax កំពុងបន្តធ្វើការពិភាក្សាលើកិច្ចព្រមព្រៀងមួយដែលនឹងអាចនាំយក Hakim Ziyech ត្រឡប់ទៅ Amsterdam វិញ។ ប៉ុន្តែរបាយការណ៍ច្បាស់ការណ៍មួយបានអះអាងថា គ្រប់យ៉ាងបានដំណើរការទៅដោយរលូន មានឧបសគ្គតែលើតម្លៃផ្ទេរប៉ុណ្ណោះ។
យ៉ាងណាមិញខ្សែបម្រើសញ្ជាតិម៉ារ៉ុករូបនេះពិតជាមានទម្រង់លេងធ្លាក់ចុះខ្លាំងក្រោយការផ្ទេរទៅ Stamford Bridge ក្នុងឆ្នាំ 2020 បើទោះបីជាគាត់បានឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលឆ្នាំ 2020/21 ក៏ដោយ។
មុនពេលផ្ទេរទៅក្លឹបតោខៀវ Chelsea ខ្សែប្រយុទ្ធស្លាប Hakim Ziyech ទទួលបានភាពលេចធ្លោរជាខ្លាំង ក្នុងនាមជាកីឡាករវ័យក្មេងរបស់ក្លឹប Ajax។ គាត់លេចធ្លោរកាន់តែខ្លាំងនៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions League ឆ្នាំ 2019 ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យពេលប៉ះជាមួយ Bayern Munich, Real Madrid និង Juventus។
ដោយឡែករបាយការណ៍ពីគេហទំព័រ 90min.com បានអះអាងថា ក្លឹប Ajax ចង់ចុះហត្ថលេខាលើ Ziyech ក្នុងលក្ខខ័ណ្ឌខ្ចីជើង ជាមួយនឹងជម្រើសទិញផ្ដាច់កុងត្រា ហើយកីឡាករវ័យ 29 ឆ្នាំរូបនេះក៏ចង់ត្រលប់ទៅហូឡង់វិញផងដែរ។
ទោះជាយ៉ាងណាក៏ដោយក្លឹបតោខៀវ Chelsea ចង់លក់ រឺខ្ចីជើងគាត់ទៅក្លឹបផ្សេង ដោយទទួលបានជម្រើសមួយអាចឲ្យពួកគេទទួលបានផលចំណេញលើការចាកចេញរបស់ Hakim Ziyech។ ពាក់ព័ន្ធនឹងរឿងនេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និង Manchester United ក៏ចាប់អារម្មណ៍លើការផ្ទេរនេះដែរ។
ប្រភព: 90 Min