បាល់ទាត់អន្តរជាតិ
Ander Herrera ផ្ទេរទៅចូលរួមជាមួយអតីតក្លឹបចាស់ Athletic Bilbao ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Ander Herrera បានចូលរួមជាថ្មីម្ដងទៀតជាមួយអតីតក្លឹបរបស់ខ្លួន Athletic Bilbao ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Paris Saint-Germain។ កិច្ចព្រមព្រៀងផ្ទេរនេះមានបូកបញ្ចូលទាំងជម្រើសសម្រាប់ក្លឹប Athletic Bilbao អាចទិញគាត់ភ្លាមៗនៅចុងបញ្ចប់នៃរដូវកាលផងដែរ។
Herrera បានចូលរួមជាមួយក្លឹបយក្សបារាំង PSG ក្នុងឆ្នាំ 2019 បន្ទាប់ពីចាកចេញដោយគ្មានតម្លៃខ្លួនពីក្លឹបបិសាចក្រហម Manchester United។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះទម្រង់លេងរបស់គាត់មិនអាចប្រជែងជម្រើសលេងនៅ Paris Saint-Germain បានឡើយ ខណៈដែលបច្ចុប្បន្ននេះពួកគេសំបូរទៅដោយខ្សែបម្រើល្អៗ និងមានសមត្ថភាពល្អជាង Ander Herrera។
ខ្សែបម្រើដែលបានប្រើប្រាស់អាវលេខ 21 សម្រាប់ Bilbao, Manchester United និង PSG រយៈពេលសរុប 11 រដូវកាល ពេលនេះ Ander Herrera នឹងពាក់លេខ 23 វិញម្ដងនៅក្លឹបថ្មី Athletic Bilbao ដោយសារតែលេខអាវដែលគាត់ចូលចិត្តត្រូវបានកាន់កាប់ដោយខ្សែការពារស្តាំ Ander Capa។
ប្រភព: 90 Min