បាល់ទាត់អន្តរជាតិ
Xavi Hernandez ពន្យល់មូលហេតុនៃការលក់ Ferran Jutgla ជាការសម្រេចចិត្តដែលត្រឹមត្រូវ

គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez បាននិយាយអំពីការចាកចេញរបស់ខ្សែប្រយុទ្ធវ័យជំទង់ Ferran Jutgla កាលពីរដូវក្តៅឆ្នាំនេះ និងបានពន្យល់ពីមូលហេតុដែលអះអាងថា វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
យ៉ាងណាមិញកីឡាករវ័យ 23 ឆ្នាំ Ferran Jutgla បានចាប់ផ្តើមរដូវកាលនេះ ជាមួយនឹងទម្រង់លេងដ៏ល្អជាមួយក្លឹបថ្មីគឺ Club Brugge ក្នុងប្រទេសបែលហ្ស៊ិក។ កាលពីពេលថ្មីៗនេះ Ferran Jutgla ថែមទាំងបានស៊ុតបញ្ចូលទីមួយគ្រាប់ជួយក្លឹបរបស់ខ្លួនឲ្យយកឈ្នះ Atletico Madrid ក្នុងលទ្ធផល 2-0 នៃការប្រកួត UEFA Champions League ថែមទៀតផង។
គិតមកទល់នឹងពេលនេះ Ferran Jutgla ស៊ុតបញ្ចូលទីសរុបបាន 8 គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប 13 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។ ទាំងនេះធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹប Barcelona មានការសោកស្ដាយចំពោះសមត្ថភាពរបស់ Ferran Jutgla និងបានគិតថា ការលក់ ខ្សែប្រយុទ្ធរូបនេះ ជារឿងមិនត្រឹមត្រូវឡើយ។
ផ្ទុយពីនេះគ្រូបង្វឹកលោក Xavi Hernandez បានអះអាងថា ការលក់ Jutgla ជារឿងត្រឹមត្រូវ និងសមហេតុផល។ គ្រូបង្វឹករូបនេះបានពន្យល់ថា៖ “វានឹងពិបាកសម្រាប់ Ferran Jutgla នៅទីនេះ។ Robert Lewandowski បានមក ដូច្នេះតើយើងដាក់គាត់លេងនៅកន្លែងណា? គាត់នឹងមិនអាចបានចូលលេងច្រើននាទីទេ ដូច្នេះវាជាការល្អបំផុតសម្រាប់គាត់ក្នុងការចាកចេញ។… ខ្ញុំពិតជារីករាយណាស់ដែលគាត់ធ្វើបានល្អ ព្រោះគាត់សមនឹងទទួលបានបែបនេះ”។
ប្រភព: Sport.es