បាល់ទាត់អន្តរជាតិ
ក្លឹបធំៗពីរនៅអង់គ្លេស កំពុងឆាប់អារម្មណ៍លើ Bastoni ខណៈដែល Inter Milan បដិសេធមិនលក់កីឡាកររូបនេះឡើយ

ក្លឹបយក្សនៅអ៊ីតាលី Inter Milan នឹងបដិសេធមិនលក់ Alessandro Bastoni ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះទេ បើទោះបីជាមានក្លឹបមួយចំនួនចាប់អារម្មណ៍លើការផ្ទេរកីឡាកររូបនេះក៏ដោយ នេះបើយោងតាមរបាយការណ៍ពីលោក Fabrizio Romano។
អនាគតរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះ កំពុងក្លាយជាប្រធានបទនៃភាពស្រពេចស្រពិល ខណៈដែលក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្តេជ្ញាថា ពួកគេនឹងនាំយកខ្សែការពាររូបនេះទៅកាន់ Premier League ឲ្យបាន។
ទន្ទឹមនឹងនេះដែរ ក៏មានការលើកឡើងផ្សេងទៀតនិយាយពីការចាប់អារម្មណ៍របស់ក្លឹបបិសាចក្រហម Manchester United ដោយលោក Erik ten Hag ជាគ្រូបង្វឹក បានកោតសរសើរ និងពេញចិត្តចំពោះកីឡាករសញ្ជាតិអ៊ីតាលីរូបនេះជាខ្លាំងផងដែរ។
ខ្សែការពារកណ្តាល Alessandro Bastoni ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ក្នុងការចាកចេញនៅខែមករាឆ្នាំក្រោយ ទៅកាន់ក្របខ័ណ្ឌ Premier League របស់អង់គ្លេស។ ប៉ុន្តែ Inter Milan បានឈរលើគោលជំហរយ៉ាងរឹងមាំ ដោយមិនអនុញ្ញាតឲ្យគាត់ចាកចេញនៅពាក់កណ្តាលនៃរដូវកាលបែបនេះនោះទេ។ បច្ចុប្បន្នតម្លៃនៃការផ្ទេរចេញរបស់ Alessandro Bastoni នឹងមានចំនួនទឹកប្រាក់ច្រើនជាង 50 លានអឺរ៉ូ។
ប្រភព: Sportsmole