បាល់ទាត់អន្តរជាតិ
Barcelona ចង់បាន Thomas Meunier ប៉ុន្តែមានបញ្ហាហិរញ្ញវត្ថុ

ក្លឹបយក្សកាតាឡាន់ FC Barcelona កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារស្តាំថ្មីម្នាក់ទៀតនៅដើមឆ្នាំក្រោយ ហើយ Thomas Meunier ត្រូវបានចាត់ទុកថាជាជម្រើសដែល Barcelona ពេញចិត្តជាងគេ និងព្យាយាមចុះហត្ថលេខានាពេលឆាប់ៗខាងមុខ។
ទោះជាយ៉ាងណាក៏ដោយយោងទៅតាម Sport បានឲ្យដឹងថា ក្លឹប Barcelona កំពុងអស់សង្ឃឹមក្នុងការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើ Meunier ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប និងចេតនារបស់ Borussia Dortmund ក្នុងការរក្សាកីឡាកររូបនេះបន្តទៀត។
ប្រធានក្លឹប Barcelona លោក Joan Laporta ធ្លាប់បានបង្ហាញរួចហើយថា ការចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីនៅខែមករាឆ្នាំក្រោយនេះ នឹងជួបការលំបាកដោយសារតែច្បាប់របស់ LaLiga ទៅលើផ្នែកហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ Dortmund មិនចង់លក់ខ្សែការពារស្ដាំរបស់ពួកគេទេ ដោយកុងត្រារបស់ Thomas Meunier នឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ 2024។ Barcelona ក៏កំពុងពិចារណាលើខ្សែការពារស្តាំរបស់ក្លឹប Villarreal គឺកីឡាករ Juan Foyth ដែរ ដែលតម្លៃផ្ទេរប្រហែលជា 42 លានអឺរ៉ូ ខណៈដែល Meunier ត្រូវបានគេជឿថា អាចមានតម្លៃប្រហែល 6 លានអឺរ៉ូតែប៉ុណ្ណោះ។
ប្រភព: Sportsmole