Connect with us

បាល់ទាត់អន្តរជាតិ

Steven Gerrard សរសើរ និង​ប្រៀបធៀប​ទម្រង់​លេង​របស់ Mykhaylo Mudryk ទៅ​នឹង Arjen Robben

Published

on

វីរ​បុរស​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Steven Gerrard បាន​ប្រៀបធៀប​ខ្សែ​ប្រយុទ្ធ​ស្លាប​ចំណូល​ថ្មី​របស់​ក្លឹបតោខៀវ Chelsea គឺ​កីឡាករ Mykhaylo Mudryk ទៅ​នឹង​វីរបុរស​របស់​ហូឡង់ Arjen Robben។ ការ​លើក​ឡើង​បែប​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្លឹប​តោខៀវ Chelsea និង​ហង្សក្រហម Liverpool កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ដែល​ជា​ជំនួប​សន្សំ​ពិន្ទុ​ក្នុង​ក្របខណ្ឌ Premier League។

ដោយ​ឡែក​កីឡាករ​​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ​ទើប​តែ​បាន​​បង្ហាញ​ខ្លួន​លើក​ដំបូង​ប៉ុណ្ណោះ ជាមួយ​ក្លឹប​តោខៀវ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ និង​ទទួល​បាន​ការ​កោតសរសើរ​ខ្លាំង​ពី​អ្នក​គាំទ្រ​ជា​ច្រើន​ថែម​ទៀត​ផង។

ដំបូង​ឡើយ មាន​មនុស្ស​ជា​ច្រើន​បាន​រិះគន់​ចំពោះ​ការ​ផ្ទេរ Mykhaylo Mudryk ដោយ​លើក​ឡើង​ថា ក្លឹប​តោខៀវ​ចំណាយ​ប្រាក់​ច្រើន​ពេក​រហូត​ដល់​ជិត 100 លានអឺរ៉ូ​ទៅ​លើ​ខ្សែប្រយុទ្ធ​ដែល​មិន​សូវ​ល្បី​ឈ្មោះ​រូប​នេះ។ ផ្ទុយ​មក​វិញ ទេពកោសល្យ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ 22 ឆ្នាំ Mykhaylo Mudryk បាន​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​រំពឹង​ថា គាត់​នឹង​មាន​អ្វី​ដែល​កាន់​តែ​ប្រសើរ​ឡើង ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។

ដូចគ្នា​នេះ​ដែរ Steven Gerrard ក៏​បាន​សរសើរ Mykhaylo Mudryk ថា ជា​កីឡាករ​ដែល​ផ្ទេរ​ដ៏​មាន​សក្កានុពល​ពិត​ប្រាកដ និង​ត្រូវ​គោលដៅ​របស់​ក្លឹប​ពិតៗ។ Steven Gerrard បាន​ប្រាប់​ទៅ​កាន់ BT Sport ថា៖ “Mykhaylo Mudryk មើល​ទៅ​ពិត​ជា​ល្អ​មែន ចំណុច​​ខ្លះ​ៗ​របស់​គាត់​ដែល​បង្ហាញ​នៅ​ថ្ងៃ​នេះ​គឺ​អស្ចារ្យ។ គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់ Arjen Robben។ ជើង​របស់​គាត់, ភាព​រហ័ស​រហួន, របៀប​ដែល​គាត់​គ្រប់គ្រង​បាល់, ទិដ្ឋភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំង ប្រសិន​បើ​ខ្ញុំ​ជា​អ្នកគាំទ្រ​ក្លឹប Chelsea”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២