បាល់ទាត់អន្តរជាតិ
Everton ប្រកាសបណ្ដេញលោក Frank Lampard ចេញពីតំណែងជាគ្រូបង្វឹក

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបស្ករគ្រាប់ Everton បានបណ្តេញគ្រូបង្វឹកលោក Frank Lampard ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំក្រុមបរាជ័យ 11 ប្រកួត ក្នុងចំណោម 14 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹបនៅរដូវកាលនេះ។
បុរសវ័យ 44 ឆ្នាំរូបនេះបានចំណាយពេលតិចជាងមួយឆ្នាំ ក្នុងការដឹកនាំនៅ Goodison Park ហើយបានឈ្នះត្រឹមតែ 12 ប្រកួតប៉ុណ្ណោះ ក្នុងចំណោមប្រកួតសរុប 44 ប្រកួតរបស់គាត់ គិតចាប់តាំងពីការចូលកាន់តំណែងនៅចុងខែមករាឆ្នាំ 2022 មក។
បើគិតតាមភាគរយឈ្នះរបស់លោក Frank Lampard នោះមានចំនួនត្រឹមតែ 27.3% ប៉ុណ្ណោះ ដែលនេះគឺជាកម្រិតទាបបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ ការបរាជ័យក្នុងលទ្ធផល 2-0 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនជាមួយ West Ham United ជាលទ្ធផលដែលបានធ្វើឲ្យក្លឹប Everton ធ្លាក់ទៅបាតតារាងនៃក្របខ័ណ្ឌ Premier League ដោយវាក៏ជាប្រកួតចុងក្រោយបង្អស់ផងដែរដែលស្ថិតក្រោមការដឹកនាំរបស់លោក Frank Lampard។
ប្រភព: Sportsmole