បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកល្អបំផុតទាំង 5 រូប នាពេលបច្ចុប្បន្ន (2023)

ការងារជាគ្រូបង្វឹកមិនមែនជារឿងងាយស្រួលឡើយ ហើយវាកាន់តែពិបាកខ្លាំងថែមទៀត ក្នុងការធ្វើឲ្យខ្លួនឯងក្លាយជាគ្រូបង្វឹកដ៏ល្អមួយរូបដែលលេចធ្លោរ និងទទួលបានការកោតសរសើរពីអ្នកគាំទ្រ។ មិនមានគ្រូបង្វឹកច្រើនឡើយ ដែលមជ្ឈដ្ឋានបាល់ទាត់ចាត់ទុកថា ជាគ្រូបង្វឹកដ៏ល្អបំផុត។ ដោយឡែកថ្ងៃនេះ ក្រុមការងាររបស់យើង សូមបង្ហាញជូននូវគ្រូបង្វឹកដែលមានការដឹកនាំលេចធ្លោរបំផុត សម្រាប់ឆ្នាំ 2023 នេះ។
5. Xavi — ដឹកនាំនៅក្លឹប Barcelona
គ្រូបង្វឹករូបនេះ បានបរាជ័យដោយធ្លាក់ត្រឹមវគ្គចែកពូលនៃក្របខ័ណ្ឌ UEFA Champions League 2 រដូវកាលជាប់ៗគ្នា ប៉ុន្តែគាត់បានជួយឲ្យ Barcelona កាន់កាប់កំពូលតារាងនៃក្របខណ្ឌ La Liga ក្នុងរដូវកាលនេះ។ ក្លឹបយក្សកាតាឡាន់ FC Barcelona បានចាញ់តែម្តងគត់ក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អេស្ប៉ាញ ដោយបរាជ័យនោះគឺកើតឡើងពេលប៉ះ Real Madrid កាលពីខែតុលាឆ្នាំមុន។
4. Pep Guardiola — ដឹកនាំនៅក្លឹប Manchester City
គ្រូបង្វឹករូបនេះធ្លាប់ឈ្នះពាន Premier League 4 ដងជាមួយក្លឹប Manchester City ហើយទម្រង់លេងរបស់ក្រុមនៅតែមានភាពលេចធ្លោររហូតដល់បច្ចុប្បន្ន។ រដូវកាលនេះ ក្រុមរបស់គាត់មិនស្ថិតនៅកំពូលតារាងរបស់ Premier League ឡើយ ប៉ុន្តែពួកគេនៅតែកាន់កាប់តំណែងលេខ 2 និងនៅតែមានឱកាសក្នុងការឈ្នះពានលីគ។
3. Eddie Howe — ដឹកនាំនៅក្លឹប Newcastle United
Newcastle United បានបោះជំហានយ៉ាងធំធេងនៅរដូវកាលថ្មីនេះ ដោយពួកគេបានចុះហត្ថលេខាលើកីឡាករសំខាន់ៗមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាចំណែកមួយដ៏សំខាន់របស់គ្រូបង្វឹក Eddie Howe ខណៈបច្ចុប្បន្ន Newcastle United កំពុងឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League ហើយក៏កំពុងសម្លឹងមើលឱកាសក្នុងការមានកៅអីមកលេងនៅ UEFA Champions League រដូវកាលក្រោយផងដែរ។
2. Mikel Arteta — ដឹកនាំនៅក្លឹបកាំភ្លើងធំ Arsenal
គ្រប់គ្នាកំពុងតែមានការងឿងឆ្ងល់ជាខ្លាំងថា តើគ្រូបង្វឹករូបនេះអាចប្រែក្លាយស្ថានភាពយ៉ាងដុនដាបរបស់ Arsenal កាលពីរដូវកាលមុន ទៅជាក្រុមដែលកំពុងកាន់កាប់តំណែងលេខ 1 នៅ Premier League រដូវកាលនេះដោយរបៀបណា។ លោក Mikel Arteta កំពុងត្រូវបានអ្នកគាំទ្រពេញចិត្តជាខ្លាំងជាមួយនឹងទម្រង់នៃការដឹកនាំដ៏ល្អរបស់គាត់។ Arsenal កំពុងមានភាគរយខ្ពស់ក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះ បន្ទាប់ពីខកខានឈ្នះតាំងពីឆ្នាំ 2003 មកម្ល៉េះ។
1. Luciano Spalletti — ដឹកនាំនៅក្លឹប Napoli
ក្លឹប Napoli កំពុងធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ក្នុងរដូវកាលនេះ ហើយចំណែកដ៏ធំមួយគឺដោយសារគ្រូបង្វឹកលោក Luciano Spalletti។ ទោះបីជាមិនមានសក្កានុពលលើផ្នែកហិរញ្ញវត្ថុខ្លាំងក៏ដោយ ប៉ុន្តែពួកគេបានឈរនៅកំពូលតារាងនៃ Serie A និងមានភាគរយខ្ពស់បំផុតក្នុងការឈ្នះពានលីគនៅរដូវកាលនេះ ព្រោះបច្ចុប្បន្នពួកគេមានពិន្ទុដាច់ពីក្រុមលេខ 2 រហូតដល់ 12 ពិន្ទុឯណោះ។ លើសពីនេះទៅទៀត Napoli ថែមទាំងនៅមានភារកិច្ចប្រកួតប្រជែងក្នុងក្របខណ្ឌ UEFA Champions League ក្នុងវគ្គ 16 ក្រុមចុងក្រោយទៀតផង។
ប្រភព: Sportskeeda