បាល់ទាត់អន្តរជាតិ
គ្រូ Bayern Munich ទទួលបានការគំរាមសម្លាប់ ក្រោយពេលក្រុមធ្លាក់ចេញពី UCL ដោយសារ Villarreal

គ្រូបង្វឹកលោក Julian Nagelsmann បាននិយាយថា គាត់ និងក្រុមគ្រួសាររបស់គាត់ត្រូវបានគេគំរាមកំហែងដល់អាយុជីវិត បន្ទាប់ពីក្រុម Bayern Munich ធ្លាក់ចេញពី Champions League។
ក្លឹបយក្សនៃក្របខ័ណ្ឌ Bundesliga ត្រូវបានមជ្ឈដ្ឋានជាច្រើនគិតថា នឹងអាចទម្លាក់ Villarreal បាន ហើយបន្តដំណើរក្នុងវគ្គ 4 ក្រុមចុងក្រោយ ដែលជាវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ បើទោះបីជាពួកគេចាញ់ការប្រកួតជើងទីមួយក្នុងលទ្ធផល 1-0 ក៏ដោយ។
ប៉ុន្តែទោះជាយ៉ាងណា នៅការប្រកួតជើងទីពីរក្នុងទឹកដីរបស់ខ្លួន ពួកគេនៅតែមិនអាចយកឈ្នះលើ Villarreal ជាមួយនឹងគ្រាប់បាល់ពិឃាតមួយគ្រាប់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Samuel Chukwueze ដែលវាគ្រប់គ្រាន់ក្នុងការសរុបគ្រាប់បាល់ទាំងពីរជើង ដើម្បីទម្លាក់ក្រុម Bayern Munich។
ក្រុមរបស់លោក Unai Emery ដែលឡើងដល់វគ្គ 4 ក្រុមចុងក្រោយនេះដែរ នឹងត្រូវប្រកួតជាមួយ Liverpool ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។
ដោយឡែកលោក Julian Nagelsmann បាននិយាយទៅកាន់សារព័ត៌មានថា គាត់បានទទួលការគំរាមកំហែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ដោយពួកគេសំដៅលើគាត់ និងគ្រួសាររបស់គាត់ ជាពិសេសគឺម្ដាយរបស់គាត់ ដែលជាគោលដៅនៃការគំរាមនេះ។
ប្រភព: 90 Min