បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមចុះហត្ថលេខានាំយកអតីតកីឡាកររបស់ខ្លួន Fran Garcia ត្រឡប់មកវិញ

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា ជិតបញ្ចប់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរនាំយក Fran Garcia មក Bernabeu វិញហើយ ដោយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញ និងចូលរួមជាមួយក្លឹប Rayo Vallecano តាំងពីឆ្នាំ 2021 មកម្ល៉េះ។
ខ្សែការពារឆ្វេងដែលមានវ័យ 23 ឆ្នាំរូបនេះគឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Real Madrid ប៉ុន្តែគាត់បានលេងភាគច្រើននៅឈុត B តែប៉ុណ្ណោះ។ នៅចន្លោះឆ្នាំ 2018 និង 2020 គាត់ត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំ តែមិនមានឱកាសបង្ហាញខ្លួនសូម្បីមួយប្រកួត។
បន្តមកទៀត ក្នុងកំឡុងយុទ្ធនាការរដូវកាលឆ្នាំ 2020-2021 ក្លឹប Rayo Vallecano ចុះហត្ថលេខាខ្ចីជើង Fran Garcia ហើយនៅឆ្នាំបន្ទាប់ពួកគេក៏ទិញផ្ដាច់កុងត្រាកីឡាកររូបនេះពី Real Madrid តែម្ដង។ បច្ចុប្បន្ន Fran Garcia បានក្លាយជាកីឡាករដ៏លេចធ្លោរ និងសំខាន់សម្រាប់ Rayo Vallecano ហើយបានបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតទាំងអស់របស់ក្លឹប។
ខ្សែការពារ Fran Garcia នៅមានកុងត្រាជាមួយ Rayo Vallecano រហូតដល់ខែមិថុនា ឆ្នាំ 2025 ប៉ុន្តែយោងទៅតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano បានរាយការណ៍ថា គាត់នឹងត្រឡប់ទៅ Bernabeu ដែលជាអតីតក្លឹបចាស់របស់ខ្លួនវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ កិច្ចព្រមព្រៀងឯកសារបានដំណើរការរួចរាល់ហើយ ដោយ Real Madrid នឹងចំណាយប្រាក់ផ្ទេរ 10 លានអឺរ៉ូ ខណៈដែលពួកគេបានលក់គាត់កាលពី 2021 ត្រឹមតែ 5 លានអឺរ៉ូតែប៉ុណ្ណោះ។
ប្រភព: Sportsmole