បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 2 នៅអង់គ្លេស កំពុងចាប់ចិត្តលើខ្សែប្រយុទ្ធស្លាប Daichi Kamada

ក្លឹបបិសាចក្រហម Manchester United និងតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា នឹងលូកដៃចូលក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិជប៉ុន Daichi Kamada របស់ Eintracht Frankfurt នៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាមានការអះអាងថា Borussia Dortmund បានចរចាត្រូវរូវគ្នាជាមួយខ្សែប្រយុទ្ធរូបនេះហើយក៏ដោយ។
យ៉ាងណាមិញ កុងត្រារបស់កីឡាករវ័យ 26 ឆ្នាំ Daichi Kamada ជាមួយក្លឹប Frankfurt នឹងត្រូវផុតកំណត់នៅចុងខែមិថុនាឆ្នាំនេះហើយ ហើយគាត់នឹងចាកចេញពីក្លឹបក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ ដោយឡែកក្លឹបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា ធ្លាប់ទាក់ទងទៅកាន់ Frankfurt ម្ដងរួចមកហើយ កាលពីខែមករាកន្លងទៅ ដើម្បីពិភាក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើ Kamada ប៉ុន្តែនៅទីបំផុតបុរសសញ្ជាតិជប៉ុនរូបនេះ បានសម្រេចចិត្តបន្តជីវិតនៅទឹកដីអាឡឺម៉ង់បន្តទៀត។
កាលពីប៉ុន្មានសប្តាហ៍មុន មានរបាយការណ៍ផ្សេងៗអះអាងថា Borussia Dortmund នឹងជោគជ័យក្នុងការទទួលបាន Kamada នៅរដូវក្តៅខាងមុខនេះ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែត Daily Mail ដែលចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា Manchester United និង Chelsea កំពុងរៀបគម្រោងដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យចាកចេញពីទឹកដីអាឡឺម៉ង់ ដើម្បីផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League។
ប្រភព: Sportsmole