បាល់ទាត់អន្តរជាតិ
ក្លឹបធំៗជាច្រើននៅ Premier League កំពុងចាប់អារម្មណ៍លើ Daichi Kamada

ក្លឹបមេឃខៀវ Manchester City និង Liverpool ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមក្លឹបមួយចំនួនដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Eintracht Frankfurt គឺកីឡាករ Daichi Kamada នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញកុងត្រារបស់កីឡាករវ័យ 26 ឆ្នាំ Daichi Kamada ជាមួយ Eintracht Frankfurt នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំ 2023 នេះហើយ ខណៈដែលកីឡាករសញ្ជាតិជប៉ុនរូបនេះកំពុងរៀបចំចាកចេញដោយគ្មានតម្លៃខ្លួនពីទឹកដីអាឡឺម៉ង់ផងដែរ។
ទន្ទឹមនឹងនេះដែរ Manchester United ត្រូវបានគេគិតថា ពិតជាបានចាប់អារម្មណ៍នឹងសមត្ថភាពក៏ដូចជាទេពកោសល្យចំពោះខ្សែប្រយុទ្ធរូបនេះដែរ ដោយមានរបាយការណ៍ច្បាស់ការណ៍មួយបានអះអាងថា ក្លឹបបិសាចក្រហមធ្លាប់បានទាក់ទងក្លឹបអាឡឺម៉ង់ Eintracht Frankfurt របស់គាត់កាលពីខែមករាដើមឆ្នាំនេះ អំពីលទ្ធភាពដែលអាចនាំយកតារាឆ្នើមរូបនេះមកទឹកដីអង់គ្លេស។
យោងតាមការចុះផ្សាយរបស់ 90min បានឲ្យដឹងថា ពេលនេះមានក្លឹបជាច្រើននៅ Premier League ដូចជា Manchester City, Liverpool, Manchester United, Tottenham Hotspur និង Newcastle United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធឆ្នើម Daichi Kamada។
ប្រភព: Sportsmole