បាល់ទាត់អន្តរជាតិ
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ជាថ្មីម្ដងទៀតថា បានបរាជ័យជាមួយនឹងការសុំចុះឈ្មោះ Gavi ជាកីឡាករឈុតធំរបស់ខ្លួន ហើយខ្សែបម្រើរូបនេះកំពុងប្រឈមមុខនឹងហានិភ័យ ក្នុងការត្រូវត្រឡប់ទៅលេងនៅឈុតយុវជន (Barcelona B) វិញ រឺចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។
យ៉ាងណាមិញខ្សែបម្រើ Pablo Gavi ដែលមានវ័យ 18 ឆ្នាំបានចូលរួមជាមួយថ្នាលយុវជនរបស់ Barcelona ក្នុងអំឡុងឆ្នាំ 2015 ដោយផ្ទេរពី Real Betis ហើយបានបន្តលេងជាមួយនឹងភាពលេចធ្លោរ ក្នុងឈុតយុវជនរបស់ក្លឹប មុនពេលត្រូវបានប្រូម៉ូតឡើងមកលេងក្នុងឈុតធំនាខែសីហា ឆ្នាំ 2021។
ចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានក្លាយខ្លួនកីឡាករឈុតធំដ៏លេចធ្លោរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi Hernandez ហើយបានបង្ហាញខ្លួនសរុបចំនួន 84 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និង Assist បាន 11 ដង។ កាលពីខែកញ្ញាឆ្នាំមុន កីឡាករវ័យ 18 ឆ្នាំរូបនេះ បានចុះហត្ថលេខាលើការបន្តកុងត្រាថ្មីរហូតដល់ខែមិថុនាឆ្នាំ 2026។
យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញតាមរយៈ The Sun បានឲ្យដឹងថា ក្លឹប Barcelona បានចុះឈ្មោះ Gavi ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែ La Liga បានរកឃើញភាពមិនប្រក្រតីលើរឿងនេះ ហើយបានប្ដឹងទៅតុលាការដោយចោទប្រកាន់ថា ពួកគេបានធ្វើខុសកាលបរិច្ឆេទកំណត់ និងបានបំពានច្បាប់ផ្នែកហិរញ្ញវត្ថុថែមទៀត។
តុលាការអេស្ប៉ាញ បានកាត់ក្តីឲ្យ La Liga ឈ្នះ នៅដើមខែនេះ តែមិនមានសាលក្រមច្បាស់លាស់នៅឡើយ ហើយធ្វើឲ្យ Gavi អាចបន្តលេងជាមួយនឹងក្រុមឈុតធំដដែល។ ក្រោយមក Barcelona បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់នេះនៅថ្ងៃទី 15 ខែមីនា។ យ៉ាងណា ពាក្យបណ្ដឹងរបស់ Barcelona ត្រូវបានច្រានចោល 5 ថ្ងៃក្រោយមក។
ក្លឹបយក្សកាតាឡាន់មួយនេះត្រូវបានគេគិតថា នឹងព្យាយាមជាថ្មីម្ដងទៀត ដើម្បីដោះស្រាយរឿងនេះ។ ប្រសិនបើ Barcelona មិនអាចឈ្នះក្ដីនៃការចោទប្រកាន់ទេ Gavi នឹងត្រូវរុញឲ្យទៅលេងនៅឈុតយុវជនវិញចុងបញ្ចប់នៃរដូវកាលនេះ។ លើសពីនេះទៀត គាត់ត្រូវប្តូរពីការពាក់អាវលេខ 6 ទៅជាអាវលេខ 30 វិញផងដែរ។ Gavi មានជម្រើសផ្សេងមួយទៀត ប្រសិនបើគាត់មិនចង់លេងឲ្យឈុតយុវជនទេ គាត់អាចចាកចេញពី Camp Nou បាន ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ប្រភព: Sportsmole