បាល់ទាត់អន្តរជាតិ
Xhaka ប្រាប់ថា ការប៉ះជាមួយហង្សក្រហម ក្នុងដី Anfield នៅតែជារឿងដ៏គួរឲ្យខ្លាចរអារ

មុនការប្រកួតមកដល់ ខ្សែបម្រើ Granit Xhaka របស់ក្លឹបកាំភ្លើងធំ Arsenal បានលើកឡើងថា Liverpool គឺជាក្រុមដែលពិបាកក្នុងការយកឈ្នះបំផុត ក្នុងចំណោមក្រុមមួយចំនួនទៀតនៅអង់គ្លេស។ យ៉ាងណាមិញ Arsenal នឹងត្រូវតទល់គ្នាជាមួយហង្សក្រហម ក្នុងការប្រកួត Premier League នៅថ្ងៃទី 9 ចុងសប្ដាហ៍នេះ។
Arsenal ដែលបច្ចុប្បន្នកំពុងជាក្រុមកំពូលតារាង ត្រូវព្យាយាមធ្វើយ៉ាងណាឈ្នះរាល់ការប្រកួតទាំងអស់ដែលនៅសល់ ទើបពួកគេមានភាគរយខ្ពស់ ក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះ ខណៈដែលក្រុមលេខ 2 Manchester City កំពុងមានពិន្ទុប្រកៀកប្រកិតនឹងពួកគេផងដែរ។
យ៉ាងណាមិញក្រុមរបស់លោក Mikel Arteta មានស្ថិតិមិនសូវល្អឡើយ ជាមួយនឹងការប្រកួតក្នុងដី Anfield របស់ Liverpool ដោយបានចាញ់ 3 ប្រកួត ក្នុងចំណោម 4 ប្រកួតចុងក្រោយរបស់ពួកគេ និងរបូតគ្រាប់បាល់សរុបរហូតដល់ 12 គ្រាប់។
ទន្ទឹមនឹងនេះដែរ ថ្លែងទៅកាន់កាសែត Express មុនពេលការប្រកួតដ៏ធំនៅ Anfield កីឡាករសញ្ជាតិស្វីស Granit Xhaka បាននិយាយថា៖ “មិនមានបញ្ហាថា តើរដូវកាលនេះ ទម្រង់លេងរបស់ពួកគេប្រែទៅជាយ៉ាងណានោះទេ។ Liverpool តែងតែជាក្រុមដ៏គ្រោះថ្នាក់ ហើយនៅ Anfield ជាកន្លែងដែលគូប្រកួតរបស់គេពិបាកលេង។ ប៉ុន្តែយើងមានទំនុកចិត្តគ្រប់គ្រាន់ ក្នុងការឈ្នះនៅទីនោះផងដែរ។ នេះជាអ្វីដែលយើងនឹងព្យាយាមធ្វើ។… ដូច្នេះចាំមើលថា តើយើងអាចយក 3 ពិន្ទុមកវិញ រឺអត់”។
ប្រភព: Dailypost