បាល់ទាត់អន្តរជាតិ
Bayern Munich កំពុងចាប់អារម្មណ៍លើ Declan Rice ស្របពេលដែល Kimmich ចង់ចាកចេញ

ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា នឹងប្រជែងជាមួយ Arsenal សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើកណ្ដាល Declan Rice របស់ West Ham United។ យ៉ាងណាមិញ កីឡាករវ័យ 24 ឆ្នាំរូបនេះ ត្រូវបានគេដឹងថា នឹងចាកចេញក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្តៅនេះ ហើយថ្មីៗនេះគ្រូបង្វឹកលោក David Moyes ក៏បានបញ្ជាក់ពីរឿងនេះដែរ។
តារាឆ្នើមសញ្ជាតិអង់គ្លេស Declan Rice បានចំណាយពេលស្ទើរពេញមួយអាជីពរបស់គាត់ជាមួយ West Ham ដោយគិតមកទល់នឹងពេលនេះគាត់បានបង្ហាញខ្លួន 241 ប្រកួតមកហើយ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ West Ham United ក្នុងឆ្នាំ 2017។ រដូវកាលនេះ Declan Rice នៅតែជាកីឡាករដ៏សំខាន់របស់ក្លឹប និងបានជួយក្រុមឲ្យឡើងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រ័ត Europa Conference League ទៀតផង។
ដោយឡែក Arsenal ត្រូវបានគេជឿថា ត្រៀមលក់កីឡាកររបស់ខ្លួនចំនួន 11 នាក់នៅរដូវក្តៅនេះ ដោយរួមមានទាំងខ្សែបម្រើ Granit Xhaka ផងដែរ ដើម្បីប្រមូលថវិការសម្រាប់ផ្ទេរ Declan Rice។ ទន្ទឹមនឹងនេះដែរក្លឹបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍ផងដែរចំពោះកីឡាករឆ្នើមរូបនេះដូចគ្នា។
មិនទាន់អស់ឡើយ ថ្មីៗនេះយោងតាមសារព័ត៌មានអាឡឺម៉ង់ Bild បានឲ្យដឹងថា Bayern Munich គឺជាក្លឹបចុងក្រោយបង្អស់ដែលបានចាប់អារម្មណ៍លើ Declan Rice របស់ West Ham។ របាយការណ៍ដដែលនេះដែរបានឲ្យដឹងថា គ្រូបង្វឹកលោក Thomas Tuchel បានចាត់ទុក Declan Rice ជាកីឡាករដ៏ល្អម្នាក់ក្នុងតំបន់បម្រើកណ្ដាល ដើម្បីមកជំនួសកន្លែង Joshua Kimmich ដែលត្រៀមចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole