Connect with us

បាល់ទាត់អន្តរជាតិ

Di Maria ត្រៀម​ចាកចេញ​ពី Juventus ខណៈ​ដែល​ក្លឹប​នៅ MLS និង​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ចាប់​អារម្មណ៍

Published

on

យោងតាម​របាយការណ៍​ពី​លោក Romeo Agresti បាន​ឲ្យ​ដឹង​ថា ក្លឹប​សេះបង្កង់ Juventus នឹង​មិន​សម្រេច​ចិត្ត​បន្ត​កុងត្រា​របស់ Angelo Di Maria ឡើយ ហើយ​កីឡាករ​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ នឹង​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។ ទន្ទឹម​នឹង​នេះ​ដែរ Di Maria ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​នៅ​លីគ​អាមេរិច MLS និង​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​​ផង​ដែរ។

យ៉ាង​ណា​មិញ Di Maria បាន​ចុះហត្ថលេខា​លើ​កុងត្រា​ត្រឹមតែ​រយៈពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ពេល​ដែល​គាត់​ចាកចេញ​ពី PSG។ កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ នៅ​តែ​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ក្នុង​អំឡុង​ពេល​របស់​គាត់​នៅ​ទឹកដី​អ៊ីតាលី ដោយ​ស៊ុតបញ្ចូលទី​បាន 8 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 38 ប្រកួត នៅ​គ្រប់​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ប្រជែង​ទាំង​អស់​របស់​ក្លឹប​រដូវកាល​នេះ។

តាម​ប្រភព​ជាក់លាក់​ពី​អ្នក​ដែល​នៅ​ខាង​ក្នុង​ក្លឹប Juventus បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​នៅ​អ៊ីតាលី​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ Di Maria ចាកចេញ នៅ​ពេល​ផុត​កុងត្រា។ នាយក​ប្រតិបត្តិ​របស់​ក្លឹប Juventus បាន​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ ដោយ​ផ្អែក​លើ​អាយុ និង​ប្រាក់​ពល​កម្ម​របស់ Di Mario ដែល​ចំណាយ​ប្រហែល 7 លានអឺរ៉ូ​ក្នុង​មួយ​រដូវកាល។

លើស​ពី​នេះ​ទៀត Juventus នឹង​ចាប់​ផ្តើម​រដូវកាល​ថ្មី​នៅ​ឆ្នាំ 2023-2024 ដោយ​ព្យាយាម​ប្រើប្រាស់​កីឡាករ​វ័យក្មេង ដែល​មាន​ប្រាក់​ឈ្នួល​ទាប ដោយ​សារ​ពួកគេ​មិន​មាន​កៅអី​លេង​ពាន​ធំៗ​ដូច​ជា UEFA Champions League ជា​ដើម។ ពួក​គេ​ក៏​មាន​ជាប់​បម្រាម ផ្សេង​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​ការ​ទិញ​លក់​កីឡាករ​នា​ខែ​មិថុនា​នេះ​ទៀត​ផង។

ប្រភព: Mscfootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២