បាល់ទាត់អន្តរជាតិ
គ្រូបិសាចក្រហមប្រាប់ក្លឹបរបស់ខ្លួន កុំឲ្យលក់ខ្សែការពាររូបនេះ

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានរារាំងការប៉ុនប៉ងរបស់ក្លឹប Eintracht Frankfurt ក្នុងការចុះហត្ថលេខាលើខ្សែការពារ Victor Lindelof នៅរដូវក្តៅនេះ។ Erik ten Hag បានចាត់ទុក Lindelof ជាវត្ថុមួយដែលមិនអាចប៉ះបាន ក្នុងចំណោមកីឡាករទាំងអស់របស់ក្លឹប។
យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានងាកទៅរក Lindelof បន្ទាប់ពីការរងរបួសរហូតដល់ចប់រដូវកាលរបស់ Lisandro Martinez កាលពីខែមេសាកន្លងទៅ។ Lindelof បានលេងពេញ 90 នាទី ក្នុងការប្រកួតលីគចំនួន 9 លើកចុងក្រោយរបស់បិសាចក្រហម និង FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមទាំងវគ្គផ្ដាច់ព្រ័តជាមួយ Manchester City ផងដែរ។
កាលពីខែមករាកន្លងទៅ ខ្សែការពាររបស់ក្លឹបបិសាចក្រហមរូបនេះធ្លាប់បានទាក់ទងពី Inter Milan និង Atletico Madrid ប៉ុន្តែគ្រប់យ៉ាងមិនបានកើតឡើងឡើយ ហើយធ្វើឲ្យ Lindelof បន្តស្នាក់នៅទឹកដីអង់គ្លេសរហូតមកដល់ពេលនេះ។ យោងតាមរបាយការណ៍ពី Bild ថ្មីៗនេះ បានឲ្យដឹងថា Frankfurt ក៏ជាក្លឹបដែលស្ថិតក្នុងចំណោមក្លឹបដែលព្យាយាមចុះហត្ថលេខាលើ Lindelof ដែរ ខណៈដែលពួកគេកំពុងស្វែងរកអ្នកជំនួស Evan Ndicka ដែលនឹងចាកចេញនៅចុងបញ្ចប់នៃរដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយ Erik ten Hag ចង់រក្សា Lindelof នៅបិសាចក្រហមយ៉ាងតិចមួយរដូវកាលទៀត ដូច្នេះទាំង Frankfurt និងក្លឹបផ្សេងៗទៀត ពិតជាមានឱកាសតិចតួចបំផុត ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិស៊ុយអែតរូបនេះ។
ប្រភព: Dailypost NG