បាល់ទាត់អន្តរជាតិ
Mbappe ព្រមាន PSG បន្ទាប់ពីការចាកចេញរបស់ Messi
ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Kylian Mbappe បានប្រាប់ក្លឹបរបស់ខ្លួនថា គាត់នឹងមិនចុះហត្ថលេខាលើត្រាថ្មីបន្តទៀតទេនៅពេលចប់រដូវកាលក្រោយ។ យ៉ាងណាមិញ Mbappe មានកិច្ចព្រមព្រៀងកុងត្រាជាមួយក្លឹបម្ចាស់ជើងឯក Ligue 1 រហូតដល់ឆ្នាំ 2024 ប៉ុន្តែពួកគេមានជម្រើស ដែលបន្តកុងត្រាថែមរយៈពេលមួយឆ្នាំទៀតបាន។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចាកចេញរបស់ Lionel Messi របាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា កីឡាករវ័យ 24 ឆ្នាំ Kylian Mbappe មិនចាប់អារម្មណ៍ក្នុងការបន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ឆ្នាំ 2025 នោះឡើយ ស្របពេលដែលឱកាសនៃការផ្ទេរទៅ Real Madrid នៅតែបើកចំហរសម្រាប់គាត់។

លោក Fabrizio Romano បានអះអាងថា៖ “Kylian Mbappe បានជូនដំណឹងដល់ PSG អំពីការសម្រេចចិត្តរបស់គាត់ ដោយគាត់នឹងមិនបន្តឲ្យមានជម្រើសក្នុងការបន្តកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នរហូតដល់ឆ្នាំ 2025 នោះទេ”។ មានន័យថា កុងត្រាដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 របស់ PSG នឹងអស់សុពលភាព ហើយខ្សែប្រយុទ្ធរូបនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ ជម្រើសរបស់ PSG នៅពេលនេះមានតែ 2 គត់ គឺត្រូវលក់គាត់ចេញនៅពេលនេះ រឺទុកឲ្យគាត់ផុតកុងត្រានៅរដូវកាលក្រោយ។

ប្រភព: Dailypost NG
