បាល់ទាត់អន្តរជាតិ
Barcelona ចង់លក់ Raphinha ដើម្បីយកថវិកាមកចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធឆ្នើមមួយរូប
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរខ្សែប្រយុទ្ធស្លាប Nico Williams នៅរដូវក្តៅនេះ ខណៈដែល Xavi Hernandez ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមស្វែងរកខ្សែប្រយុទ្ធឆ្វេង ដែលមានគុណភាពខ្ពស់នៅរដូវកាលក្រោយ។
ខ្សែប្រយុទ្ធកណ្ដាល Robert Lewandowski និង Lamine Yamal គឺជាជម្រើសដំបូងរបស់ក្រុម ប៉ុន្តែគេនៅតែមិនទាន់ដឹងពីខ្សែប្រយុទ្ធស្លាបជម្រើសសំខាន់ម្នាក់ទៀតជានរណានៅឡើយទេ។ Raphinha គឺជាជម្រើសដ៏ល្អបំផុតរបស់ Barcelona នាពេលបច្ចុប្បន្ន ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ នៅតែត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Camp Nou នៅរដូវក្តៅខាងមុខ។
គេបានដឹងថា ក្លឹបរបស់អារ៉ាប៊ីសាអូឌីត Al-Hilal នឹងហ៊ានចំណាយប្រាក់ចំនួន 100 លានអឺរ៉ូ ប្រសិនបើ Raphinha ព្រមចូលរួមជាមួយពួកគេ។ ទឹកប្រាក់ប៉ុណ្ណេះ អាចជួយដល់ស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona បាន ហើយច្បាស់ណាស់ថា ក្លឹបកាតាឡាន់នឹងសុខចិត្តចែកផ្លូវគ្នាជាមួយកីឡាករសញ្ជាតិប្រស៊ីលរូបនេះ។
បន្ថែមពីលើនេះទៀត Barcelona ក៏នឹងអាចយកចំណែកនៃការលក់ Raphinha មកចុះហត្ថលេខាលើកីឡាករវ័យក្មេងដែលពួកគេធ្លាប់ចង់បានកន្លងមកគឺ Nico Williams ផងដែរ ដោយខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេគិតថា Athletic Bibao នឹងលក់គេក្នុងតម្លៃ 50 លានអឺរ៉ូ។
ប្រភព: Barcablaugranes