Connect with us

បាល់ទាត់អន្តរជាតិ

Garnacho បង្ហើប​ថា គាត់​មិន​បាន​ទៅ​លេង World Cup U-20 ដោយ​សារ​លោក Erik ten Hag

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Alejandro Garnacho បាន​បង្ហើប​ថា គ្រូ​បង្វឹក​លោក Erik ten Hag បាន​ច្រានចោល​ការ​ស្នើរ​សុំ​របស់​គាត់​ក្នុង​ការ​ចាកចេញ​ពី​ក្រុម មុន​បញ្ចប់​រដូវកាល ដើម្បី​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup អាយុ​ក្រោម 20 ឆ្នាំ ដែល​ទើប​នឹង​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។

យ៉ាង​ណា​មិញ Alejandro Garnacho ដំបូង​ឡើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​យុវជន​អាហ្សង់ទីន ដែល​ដឹកនាំ​ដោយ​លោក Javier Mascherano សម្រាប់​ការ​ប្រកួត U-20 World Cup ដែល​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​ឧសភា និង​បញ្ចប់​កាល​ពី​ថ្ងៃអាទិត្យ​មុន​នេះ ប៉ុន្តែ Alejandro Garnachoត្រូវ​បាន​ដក​ឈ្មោះ​ចេញ​វិញ ដោយ​សារ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី Erik ten Hag។

ពាក់ព័ន្ធ​នឹង​ការ​មិន​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​នោះ Garnacho បាន​បដិសេធ​ថា មិន​មែន​គាត់​មិន​ចង់ រឺ​គ្មាន​ឱកាស​នោះ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ Erik ten Hag ហើយ គាត់​ត្រូវ​ជាប់​ភារកិច្ច​ជា​មួយ​ក្លឹប ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅក្នុង​ការ​ប្រកួត​ចំនួន 4 ប្រកួត​ចុង​ក្រោយ​របស់​បិសាចក្រហម​សម្រាប់ Premier League និង​វគ្គផ្តាច់ព្រ័ត្រ FA Cup។

Garnacho បាន​ប្រាប់ TyC Sports ថា៖ “ខ្ញុំ​បាន​ខកខាន​ការ​ប្រកួត World Cup ដោយ​សារ​តែ​ការ​ប្រកួត​នៅ​ទីក្រុង Manchester មិន​ទាន់​បញ្ចប់។ ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ច្រើន​ជាមួយ​គ្រូបង្វឹក ហើយ​ខ្ញុំ​បាន​សុំ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ទីនោះ ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​វិញ​ថា មិន​បាន​ទេ។ យ៉ាង​ណា​ខ្ញុំ​​បាន​មើល​​តាម​ទូរទស្សន៍​ពី​ការ​ប្រកួត ដូច​គ្នា​នឹង​ខ្ញុំ​នៅ​ទីនោះ​ដែរ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២