បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Real Madrid ចង់នាំយក Alejandro Garnacho ទៅទឹកដីអេស្ប៉ាញ
ប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានគេរាយការណ៍ថា មានគម្រោងនឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Alejandro Garnacho នាពេលវេលាណាមួយឆាប់ៗខាងមុខ។
យ៉ាងណាមិញ Alejandro Garnacho ធ្លាប់បានចំណាយពេលវេលាមួយចំនួននៃអាជីពបាល់ទាត់របស់ខ្លួនរួចហើយនៅក្នុងប្រទេសអេស្ប៉ាញ ដោយលេងឲ្យឈុតយុវជនរបស់ក្លឹប Atletico Madrid ក្នុងរយៈពេល 5 ឆ្នាំរវាងឆ្នាំ 2015 និង 2020។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 19 ឆ្នាំរូបនេះបានចំណាយពេលទាំងស្រុងនៅ Old Trafford ក្នុងការលេងជាមួយក្រុមឈុតធំ។
គិតចាប់តាំងពីត្រូវបានឡើងមកលេងជាមួយឈុតធំរបស់ក្លឹបបិសាចក្រហមមកទល់នឹងពេលនេះ Alejandro Garnacho បានស៊ុតបញ្ចូលទីសរុបចំនួន 12 គ្រាប់ និង Assists 9 ដង ក្នុងការបង្ហាញខ្លួនចំនួន 74 ប្រកួត។ មិនថា Erik ten Hag នៅតែដឹកនាំក្លឹប រឺអត់នោះទេ គេបានមើលឃើញថា កីឡាករអាហ្សង់ទីនរូបនេះ ត្រូវបានចាត់ទុកថាជាអនាគតដ៏វែងឆ្ងាយ។
ដោយឡែក Garnacho បានបន្តកុងត្រាថ្មីកាលពីខែមេសាឆ្នាំមុន ដោយមានសុពលភាពរហូតដល់រដូវកាលឆ្នាំ 2027-2028។ ទោះបីជាបែបនេះក៏ដោយ យោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយ Real Madrid Exclusivo បានឲ្យដឹងថា ប្រធានក្លឹបអធិរាជស គឺលោក Florentino Perez ចង់ធ្វើឲ្យ Real Madrid កាន់តែមានភាពលេចធ្លោរ ដោយចុះហត្ថលេខាលើ Garnacho នាចុងបញ្ចប់នៃរដូវកាលនេះ។ Perez ត្រូវបានគេដឹងផងដែរថា ចង់ជួបនិយាយជាមួយ Garnacho នៅពេលដែល Real Madrid ធ្វើដំណើរទៅកាន់ទីក្រុង Manchester សម្រាប់ការប្រកួតជើងទី 2 នៃការប្រកួត UEFA Champions League វគ្គ 8 ក្រុមចុងក្រោយ។
ប្រភព: Sportsmole