Connect with us

បាល់ទាត់អន្តរជាតិ

Garnacho ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់ FA បន្ទាប់​ពី​ជ័យ​ជំនះ 1-0 ទៅ​លើ FC Copenhagen

Published

on

សមាគម​បាល់ទាត់​នៃ​ប្រទេស​អង់គ្លេស​ដែល​ហៅ​កាត់ថា FA កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Alejandro Garnacho ជុំវិញ​ការ​បង្ហោះ​រូប​ភាព​របស់​គាត់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​បាន​យក​ឈ្នះ FC Copenhagen ក្នុង​លទ្ធផល 1-0 ដែល​ជា​ការ​ប្រកួត UEFA Champions League កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

យ៉ាង​ណា​មិញ គ្រាប់​បាល់​មួយ​គ្រាប់​របស់ Manchester United គឺ​ជា​ការ​តែត​បញ្ចូលទី​ដ៏​អស្ចារ្យ​របស់​ខ្សែ​ការពារ Harry Maguire ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន 3 ពិន្ទុ​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ អ្នកចាំទី Andre Onana ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដូច​គ្នា ដោយ​គាត់​បាន​ជួយ​សង្គ្រោះ​បាល់ប៉េណាល់ទី​នៅ​នាទី​ចុង​ក្រោយ។

បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់​ទៅ Alejandro Garnacho បាន​បង្ហោះ​រូបភាព ដែល​ខ្លួន​បាន​អបអរ​ជាមួយ Onana ដោយ​មាន​ភ្ជាប់​ជាមួយ​នឹង Emojis រូប​ស្វា​ហ្គោរី​ឡា 2 ក្បាល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រមួយ​ចំនួន​រិះគន់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំពោះ​ការ​ប្រើ​រូប Emojis បែប​នេះ ដែល​វា​ពាក់​ព័ន្ធ​នឹង ការ​រើស​អើង​ពូជ​សាសន៍​មក​លើ​ជនជាតិ​ស្បែក​ខ្មៅ។

យោង​ទៅ​តាម​អ្នក​ជំនាញ​បាល់ទាត់​លោក Fabrizio Romano បាន​និយាយ​ពី​រឿង​នេះ​​នៅ​លើ X ថា៖ “FA បាន​នឹង​កំពុង​ស៊ើបអង្កេត​លើ​ការ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់ Garnacho ដែល​គាត់​បាន​ប្រើ Emojis រូប​ស្វា Gorilla លើ​រូបភាព​នៃ​ការ​សង្គ្រោះ​បាល់​ប៉េណាល់ទី​របស់ Andre Onana”។

បន្ត​មក​ទៀត​គេ​បាន​ដឹង​ថា Andre Onana បាន​អំពាវ​នាវ​ឲ្យបញ្ចប់​ការ​ស៊ើប​អង្កេត​លើ​មិត្ត​រួម​ក្រុម​របស់​គាត់ Alejandro Garnacho ព្រោះ​អ្នក​ចាំទី​សញ្ជាតិ​កាមេរូន​រូប​នេះ​ជឿ​ជាក់​ថា រូបភាព Emoji ដែល Garnacho បាន​បង្ហោះ​នោះ មិន​មែន​ក្នុង​ន័យ​រើស​អើង​ពូជ​សាសន៍​ឡើយ គឺ​គាត់​សម្ដៅ​លើ ថាមពល និង​កម្លាំង​នៃ​ការ​ជួយ​សង្គ្រោះ​បាល់​តែ​ប៉ុណ្ណោះ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២