Connect with us

បាល់ទាត់អន្តរជាតិ

Paredes ស៊ុត​មួយ​គ្រាប់​ទៅ​លើ​ឥណ្ឌូណេស៊ី បំបែក​កំណត់​ត្រា​មួយ​របស់ Messi

Published

on

ខ្សែបម្រើ​កណ្ដាល​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Leandro Paredes បាន​បំបែក​កំណត់ត្រា​ដ៏​ប្លែក​មួយ​របស់​កាពីតែន​ក្រុម Lionel Messi បន្ទាប់​ពី​គាត់​បាន​ស៊ុត​បញ្ចូលទី​​មួយ​គ្រាប់ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ម្សិលមិញ​នេះ ដោយ​ឈ្នះ 2-0 ទៅ​លើ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី។

ក្នុង​អំឡុង​ពេល​ប្រកួត​គ្នា​នៅ​កីឡដ្ឋាន Gelora Bung Karno ខ្សែបម្រើ Leandro Paredes បាន​ស៊ុត​បាល់​ពី​ចម្ងាយ ដ៏​អស្ចារ្យ​មួយ​​នៅ​នាទីទី 38 មុន​ពេល​ដែល Cristian Romero រក​បាន​ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទីទី 55។ គ្រាប់​បាល់​របស់​គាត់ គឺ​ពី​ចម្ងាយ 31.4 ម៉ែត្រ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ដែល​បាន​ស៊ុតបញ្ចូលទី​ពី​ចម្ងាយ​ឆ្ងាយ​បំផុត ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​អាហ្សង់ទីន Lionel Scaloni។

កាល​ពី​មុន Messi ធ្លាប់​បាន​កាន់កាប់​កំណត់ត្រា​ជា​កីឡាករ​ស៊ុត​បញ្ចូលទី​ឆ្ងាយ​បំផុត ក្រោម​ការ​ដឹកនាំ​របស់​លោក Lionel Scaloni នេះ​ដូច​គ្នា ដោយ​ស៊ុត​ពី​ចម្ងាយ 28.9 ម៉ែត្រ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ (នេះ​បើ​យោងតាម Mundo Albicelest)។ ប៉ុន្តែ​ពេល​នេះ កំណត់​ត្រា​របស់ Messi ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ Leandro Paredes បណ្ដោះ​អាសន្ន ហើយ​ក៏​ប្រហែល​ជា​កំណត់​ត្រា​មួយ​ដែល​ពិបាក​បំបែក​បាន​ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២