បាល់ទាត់អន្តរជាតិ
Matias Soule សារភាពថា ខ្លួនមិនចង់លាងដៃចេញឡើយ បន្ទាប់ពីបានចាប់ដៃជាលើកដំបូងជាមួយ Messi

កីឡាករវ័យក្មេងរបស់ក្លឹបសេះបង្កង់ Juventus និងក្រុមជ្រើសជាតិអាហ្សង់ទីន Matias Soule បានសារភាពថា ខ្លួនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានជួប Lionel Messi ជាលើកដំបូង។ កីឡាករវ័យ 20 ឆ្នាំរូបនេះបាននិយាយបែបលេងសើចថា គេមិនលាងដៃឡើយបន្ទាប់ពីបានចាប់ដៃជាមួយនឹងម្ចាស់ពាន Ballon d’Or 8 សម័យកាល ដែលជាកីឡាករដ៏អស្ចារ្យ។
គួររំលឹកផងដែរថា ដោយសារតែមានទម្រង់លេងដ៏ល្អនៅក្នុងក្របខណ្ឌ Serie A ខ្សែប្រយុទ្ធ Matias Soule ត្រូវបានទទួលការកោះហៅឲ្យមកលេងនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនជាលើកដំបូង។ ខ្សែប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Frosinone ពី Juventus រូបនេះ បានទទួលការកោះហៅពីក្រុមជម្រើសជាតិ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលជាឱកាសអាចឲ្យគាត់បានជួបជាមួយ Messi ផងដែរ។
ថ្លែងក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយ ESPN ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បាននិយាយពីរម្មណ៍របស់គាត់ក្នុងការជួបតារាឆ្នើម Lionel Messi ក្នុងក្រុមជម្រើសជាតិថា៖ “ខ្ញុំបានមកដល់ក្រោយគេ ហើយពេលខ្ញុំចូលទៅក្នុងបន្ទប់ គាត់ក៏ចេញមកដើម្បីនិយាយស្វាគមន៍ និងចាប់ដៃខ្ញុំ។ ខ្ញុំគិតថាខ្ញុំនឹងមិនលាងដៃទៀតទេ… ពេលនោះខ្ញុំមិនបាននិយាយច្រើនឡើយ ប៉ុន្តែយើងអាចមើលដឹងថា គាត់ពិតជាមនុស្សល្អប៉ុណ្ណា”។
ប្រភព: Sportskeeda