បាល់ទាត់អន្តរជាតិ
Ronald Koeman ផ្ដល់យោបល់ឲ្យ Barcelona ស្វែងរកកីឡាករក្មេងៗដែលមានស្រាប់ ជាងការផ្ទេរកីឡាករល្បីៗ តែអាយុច្រើន

អតីតគ្រូបង្វឹករបស់ក្លឹប Barcelona លោក Ronald Koeman បានបញ្ចេញនូវការយល់ឃើញរបស់ខ្លួន ទាក់ទងនឹងការនាំយកកីឡាករចំណូលថ្មីនៅរដូវក្តៅនេះ។ យ៉ាងណាមិញ ថ្មីៗនេះក្រុមរបស់លោក Xavi បានផ្ទេរ Ilkay Gundogan និង Inigo Martinez ប៉ុន្តែពួកគេកំពុងជួបការលំបាកក្នុងការចុះហត្ថលេខាកីឡាករថ្មីៗបន្ថែមទៀត ដោយសារស្ថានភាពហិរញ្ញវត្ថុ។
យ៉ាងណាមិញ Ronald Koeman សប្បាយចិត្តនឹងការចុះហត្ថលេខាលើ Gundogan ប៉ុន្តែគាត់គិតថា ការជ្រើសរើសកីឡាករឆ្នើមដែលមានបទពិសោធន៍ច្រើនបែបនេះ មិនមានជាដំណោះស្រាយក្នុងរយៈពេលវែងនោះទេ។ បុរសវ័យ 60 ឆ្នាំរូបនេះបានបន្ថែមទៀតថា កីឡាករដែលអស្ចារ្យបែបនេះអាចជួយក្លឹបបានត្រឹមតែ 2 រឺ 3 ឆ្នាំប៉ុណ្ណោះ ហើយវាល្អប្រសើរជាង ប្រសិនបើក្លឹបផ្ទេរកីឡាករអាយុ 22 ឆ្នាំ មិនមែនអាយុ 32 រឺ 34 ឆ្នាំ។
ដូចគ្នានេះដែរថ្មីៗនេះ Barcelona ក៏ត្រូវបានគេដឹងថា កំពុងទាក់ទងផ្ទេរយក Oriol Romeu ផងដែរ ហើយ Ronald Koeman គិតថា Barcelona មើលទៅកីឡាករដែលលេងនៅឈុតយុវជនល្អៗរបស់ខ្លួនវិញប្រសើរជាង។ គាត់បានផ្ដល់យោបល់ឲ្យ Barcelona ប្រើប្រាស់ Nico González ដែលខ្ចីជើងនៅ Valencia ជំនួសវិញ។
ប្រភព: Barcablaugranes