បាល់ទាត់អន្តរជាតិ
Mauricio Pochettino ប្រាប់ថា ខ្លួនកំពុងប្រឈមនឹងការបណ្ដេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Mauricio Pochettino បានសារភាពថា ការងារជាគ្រូបង្វឹករបស់គាត់កំពុងស្ថិតក្នុងស្ថានភាពហានិភ័យ បន្ទាប់ពីចាញ់ Wolverhampton ជាមួយនឹងលទ្ធផល 4 ទល់នឹង 2។ កាលពីសប្ដាហ៍មុន Chelsea ក៏ទទួលបានលទ្ធផលអាក្រក់ផងដែរដោយចាញ់ Liverpool 4-1។
ថ្លែងបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យម្សិលមិញ Pochettino បានទទួលស្គាល់ថា កៅអីនៃតំណែងជាគ្រូបង្វឹករបស់គាត់មិនមានសុវត្ថិភាពទេ ស្របពេលដែលទម្រង់លេងរបស់ក្រុមហាក់មិនមានភាពល្អប្រសើរឡើយ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមផងដែរថា គាត់នឹងទទួលខុសត្រូវលើរឿងនេះ ហើយគ្រប់គ្នានៅ Chelsea ក៏ជាចំណែកមួយដ៏សំខាន់លើបញ្ហាដែលក្លឹបកំពុងជួបប្រទះដែរ។
យ៉ាងណាមិញ បច្ចុប្បន្នក្រុមរបស់លោក Mauricio Pochettino កំពុងឈរនៅលេខរៀងទី 11 ក្នុងតារាង Premier League។ ពួកគេហាក់ដូចជា មិនមានលទ្ធភាពក្នុងការប្រជែងចំណាត់ Top-4 នៅរដូវកាលនេះបានឡើយ ដោយប្រឹងធ្វើយ៉ាងណាដើម្បីតែដណ្ដើមកៅអី UEFA Europa League បានសម្រាប់រដូវកាលក្រោយគឺគ្រប់គ្រាន់ហើយ។
ប្រភព: Sportsmole