Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​ចុះ​ហត្ថលេខា​ផ្ទេរ Hojlund ពី Atalanta BC ក្នុង​តម្លៃ 72 លានផោន

Published

on

កីឡាករ Rasmus Hojlund ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃអង្គារ​នេះ ដើម្បី​ពិនិត្យ​សុខភាព​មុន​ពេល​បំពេញ​លក្ខខណ្ឌ​សព្វគ្រប់ ក្នុង​ការ​ផ្ទេរ​ពី Atalanta BC ទៅ​បិសាចក្រហម Manchester United។

បន្ទាប់​ពី​ការ​ចរចា​ជា​ច្រើន​សប្តាហ៍ លទ្ធផល​ផ្លែផ្កា​បាន​លេច​ឡើង ដោយ​បិសាច​ក្រហម កំពុង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប Atalanta BC ដើម្បី​ចុះ​ហត្ថលេខា​លើ Hojlund ក្នុង​តម្លៃ 72 លានផោន ដែល​​ការ​បង់ប្រាក់​នោះ​មាន​ពីរ​ដំណាក់​កាល។ បិសាចក្រហម​នឹង​ត្រូវ​បង់ប្រាក់​ដំបូង​ចំនួន 64 លានផោន និង​បូក​បន្ថែម 8 លានផោន​ទៀត​នៅ​ពេល​ក្រោយ អាស្រ័យ​លើ​ទម្រង់​លេង​ដែល​កីឡាករ​រូប​នេះ​បង្ហាញ។

ក្លឹប​បិសាច​ក្រហម Manchester United បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ 20 ឆ្នាំរូបនេះ ដោយ​យក​ឈ្នះ​គូ​ប្រជែង Paris Saint-Germain ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដូចគ្នា។ ក្លឹប​យក្ស​បារាំង PSG ត្រូវ​បាន​គេ​ដឹង​ថា បាន​បរាជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ជា​ទឹកប្រាក់ 43 លានផោន​កាល​ពី​សប្តាហ៍​មុន។

កីឡាករ​សញ្ជាតិ​ដាណឺម៉ាក Rasmus Hojlund នឹងមក Old Trafford ដែល​ជា​​បំណង​របស់​ខ្លួន ហើយ​គាត់​នឹង​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 5 ឆ្នាំ។ យោងតាម​សារព័ត៌មាន The Athletic បាន​អះអាង​ផង​ដែរ​ថា Hojlund នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Manchester នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិនិត្យ​សុខភាព មុន​ពេល​បញ្ចប់​ការ​ផ្ទេរ និង​ការ​ប្រកាស​ជា​ផ្លូវការណ៍​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២