បាល់ទាត់អន្តរជាតិ
Thilo Kehrer ប្រាប់ឈ្មោះកីឡាករល្អបំផុត ដែលខ្លួនធ្លាប់លេងជាមួយ

ខ្សែការពារស្លាប Thilo Kehrer ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប West Ham United ថ្មីៗនេះបានឆ្លើយតបនឹងសំណួរដ៏ភ្ញាក់ផ្អើលមួយ ពាក់ព័ន្ធនឹងកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយ។ យ៉ាងណាមិញ កីឡាកររូបនេះធ្លាប់លេងឲ្យក្លឹបធំៗមួយចំនួនដូចជា FC Schalke 04 ក្រោយមកទើបផ្លាស់ទៅ PSG និងចុងក្រោយបានផ្ទេរមកទឹកដីអង់គ្លេសនៅឆ្នាំ 2022។
នៅពេលត្រូវបានសួរដោយ JD Football ថា តើកីឡាករល្អបំផុតដែលអ្នកធ្លាប់លេងជាមួយ គឺជាអ្នកណា? ខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះបានឆ្លើយតបវិញថា៖ “ខ្ញុំនឹងនិយាយថា Messi។ ខ្ញុំធ្លាប់បានលេងជាមួយគាត់មួយឆ្នាំ រឺពីរឆ្នាំមុន។ ឥឡូវនេះគាត់ហាក់ដូចជាដល់ទីបញ្ចប់នៃអាជីពរបស់គាត់ទៅហើយ ប៉ុន្តែជារឿយៗគាត់នៅតែអាចធ្វើរឿងដែលអស្ចារ្យមិនគួរឲ្យជឿបាន។ គ្មាននរណាម្នាក់អាចធ្វើបានល្អដូចគាត់ទេ ហើយអ្វីដែលគាត់បង្ហាញ វាមើលទៅងាយស្រួលណាស់”។
គួររំលឹកផងដែរថា Thilo Kehrer បានចាកចេញពីក្លឹបអាឡឺម៉ង់ FC Schalke 04 ទៅចូលរួមជាមួយក្លឹបយក្សបារាំង PSG ក្នុងឆ្នាំ 2018។ ក្រោយមកគាត់បានក្លាយជាមិត្តរួមក្រុមជាមួយតារាឆ្នើម Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ចាកចេញទៅទឹកដីបារាំងនៅក្នុងឆ្នាំ 2021។ Thilo Kehrer បានជ្រើសរើសយក Messi ជាមិត្តរួមក្រុមល្អបំផុតរបស់ខ្លួន ខណៈដែលគាត់ក៏ធ្លាប់លេងជាមួយតារាឆ្នើមៗផ្សេងទៀតដែរដូចជា Neymar Jr, Kylian Mbappe, Angel Di Maria, Leroy Sane និង Declan Rice ជាដើម។
ប្រភព: TikTok JD Football