បាល់ទាត់អន្តរជាតិ
Roy Keane រិះគន់ Marcus Rashford ចំពោះការបង្ហាញទឹកមុខញញឹមមុនពេលប្រកួត និងលេងដូចក្មេងមិនទាន់ពេញវ័យ
អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Roy Keane បានរិះគន់ចំពោះខ្សែប្រយុទ្ធ Marcus Rashford ក្នុងការបង្ហាញទឹកមុខញញឹមអំឡុងពេលកំដៅសាច់ដុំ មុនចូលប្រកួត ហើយបានចោទប្រកាន់ខ្សែប្រយុទ្ធរូបនេះថា “លេងដូចក្មេងមិនទាន់ពេញវ័យ”។

ទម្រង់លេងរបស់ Rashford នៅរដូវកាលនេះសម្រាប់ក្លឹបបិសាចក្រហម ហាក់ដូចជាធ្លាក់ចុះយ៉ាងខ្លាំង ដោយស៊ុតបញ្ចូលទីបានតែ 4 គ្រាប់ ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 24 ប្រកួតនៅ Premier League។
កីឡាករវ័យ 24 ឆ្នាំរូបនេះបានមិនសូវមានឱកាសក្នុងលេងជម្រើស 11 នាក់ដំបូង ក្រោមការដឹកនាំរបស់លោក Ralf Rangnick នោះទេ។ លើសពីនេះទៅទៀត Roy Keane ថែមទាំងនិយាយថា Marcus Rashford មិនសមនឹងទទួលឱកាសចូលលេងច្រើនជាងនេះនោះឡើយ។

នៅពេលសួរពី Rashford ពេលនោះ Roy Keane បានប្រាប់ Sky Sports ថា “ការលេងរបស់គាត់… គាត់មិនស៊ីសង្វាក់គ្នា គាត់មិនបានប្រឹងប្រែងគ្រប់គ្រាន់ គាត់មិនក្លាហាន…។ គាត់មិនបានផ្ដោតអារម្មណ៍ឲ្យបានល្អគ្រប់គ្រាន់ ហើយមិនព្យាយាមរត់ដេញបាល់ពីគូប្រកួត។ ឥឡូវនេះគាត់មានអាយុ 24 ឆ្នាំហើយ គាត់ត្រូវតែបង្ហាញភាពចាស់ទុំបន្ថែមទៀត។ មានភាពស៊ីសង្វាក់គ្នា នោះគឺជាគន្លឹះក្នុងការលេងនៅក្លឹបធំៗណាមួយ។ គាត់ត្រូវធ្វើឲ្យបានច្រើនបន្ថែមទៀត ខ្ញុំពិតជាខកចិត្តនឹងគាត់ណាស់”។
Roy Keane បានបន្ថែមទៀតថា “រាល់ពេលដែលខ្ញុំឃើញ Marcus Rashford ចេញកម្តៅសាច់ដុំ គាត់តែងតែញញឹម។ ខ្ញុំមិនចូលចិត្តកីឡាករណាលេងសើចច្រើនពេកទេ។ អ្នកគួរតែញញឹមនៅពេលអ្នកបានពិន្ទុពីអ្វីមួយដែលអ្នកធ្វើបាន”។

ប្រភព: Metro
