Connect with us

បាល់ទាត់អន្តរជាតិ

Man City នឹង​ដាក់​ដេញ​ថ្លៃ 50 លាន​អឺរ៉ូ ដើម្បី​ទិញ​យក​ខ្សែបម្រើ Matheus Nunes

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​សំណើរ​ដេញ​ថ្លៃ 42.7 លានផោន (50 លាន​អឺរ៉ូ) សម្រាប់​ខ្សែបម្រើ Matheus Nunes របស់​ក្លឹប Wolverhampton Wanderers។ យើង​បាន​ដឹង​ហើយ​ថា Man City កំពុង​នឹង​ត្រូវ​ការ​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​យ៉ាង​ហោច​ណាស់​ម្នាក់ ដើម្បី​មក​ជំនួស Ilkay Gundogan ដែល​បាន​ចាកចេញ​ទៅ Barcelona។

ក្រៅ​ពី​បាត់បង់​ខ្សែបម្រើ​ឆ្នើម​ម្នាក់​ដែល​ចាកចេញ​ទៅ​ទឹកដី​អេស្ប៉ាញ​នោះ របួស​រយៈ​ពេល​យូរ​របស់ Kevin De Bruyne នៅ​ថ្ងៃ​ប្រកួត​បើក​រដូវកាល Premier League ក៏​បាន​ជម្រុញ​កាន់​តែ​ខ្លាំង​ដល់ Man City ត្រូវ​តែ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​ឲ្យ​បាន​មុន​ពេល​នៃ​ទីផ្សារ​ដោះដូរ​រដូវ​ក្ដៅ​នេះ​ត្រូវ​បិទ។

ដំបូង​ឡើយ Man City បាន​ដាក់​គោលដៅ​លើ Lucas Paqueta របស់​ក្លឹប West Ham United ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​បោះបង់​ការ​ដេញ​ថ្លៃ​លើ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ ព្រោះ FIFA កំពុង​ស៊ើបអង្កេត​លើ Lucas Paqueta ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លេង​ល្បែង​ភ្នាល់​ខុស​ច្បាប់។

ជា​លទ្ធផល Man City បាន​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពួកគេ​ទៅ​កាន់​ជម្រើស​ដែល​មាន​សក្តានុពល​ផ្សេង​ទៀត​ទៅ​លើ​ខ្សែបម្រើ Matheus Nunes និង Eberechi Eze របស់ Crystal Palace។ ក្លឹប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ​ក៏​ពេញ​ចិត្ត​ខ្លាំង​ចំពោះ Eberechi Eze ដែរ ប៉ុន្តែ​គេ​បាន​ដឹង​ថា តម្លៃ​ខ្លួន​របស់​គាត់​គឺ​រហូត​ដល់ 70 លានផោន ហើយ​ធ្វើ​ឲ្យ Man City ងាក​មក​រក Matheus Nunes ដែល​ជា​ជម្រើស​ថោក​ជាង។ យោងតាម​អ្នកកាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឆាប់ៗ​នេះ ក្រុម​របស់​លោក Pep Guardiola នឹង​ដាក់​ការ​ដេញ​ថ្លៃ​ជា​លើក​ដំបូង​ក្នុង​រង្វង់​ទឹកប្រាក់​ប្រហែល​ជា 50 លាន​អឺរ៉ូ (42.7 លានផោន)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២