Connect with us

បាល់ទាត់អន្តរជាតិ

មិន​ទាន់​អស់​អាល័យ!!! ក្លឹប Al-Ittihad ត្រៀម​ដាក់​សំណើរ​ដេញ​ថ្លៃ​បំបែក​កំណត់​ត្រា 215 លានផោន ដើម្បី​ចុះហត្ថលេខា​លើ Mohamed Salah

Published

on

ក្លឹប Al-Ittihad ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​សំណើរ​ដេញ​ថ្លៃ​ជា​ថ្មី​ម្ដង​ទៀត ជាមួយ​នឹង​ទឹកប្រាក់​កើន​ឡើង​ដល់ 215 លានផោន សម្រាប់​ខ្សែប្រយុទ្ធ​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Mohamed Salah។ យ៉ាង​ណា​មិញ ទីផ្សារ​នៃ​ការ​ដោះដូរ​កីឡាករ​របស់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​មិន​ទាន់​បិទ​ទ្វារ​នៅ​ឡើយ​ទេ ហើយ​ប្រសិន​បើ​សំណើរ​របស់​ពួក​គេ​ត្រូវ​ទទួល​យក​ដោយ​ហង្សក្រហម នោះ Mohamed Salah អាច​ចាកចេញ​ពី​ទឹកដី​អង់គ្លេស​បាន។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ នៅ​មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2025។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ គាត់​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង ជាមួយ​នឹង​ការ​ចាកចេញ​ពី Anfield ទៅ Saudi Pro League។

ជាមួយ​នឹង​ការ​ឈរ​នៅ​ក្នុង​ជំហរ​ដែល​មិន​លក់ Mohamed Salah ពី​សំណាក់​ក្លឹប​ហង្សក្រហម Liverpool នោះ ក្លឹប Al-Ittihad បាន​ដាក់​សំណើរ​ដេញ​ថ្លៃ​កើន​ឡើង​ជា​បន្ត​បន្ទាប់ តាំង​ពី 150 លានផោន រហូត​ដល់​ពេល​នេះ​ឡើង​រហូត​ដល់ 215 លានផោន។ គេ​បាន​ដឹង​ថា អ្នកតំណាង​មក​ពី Al-Ittihad បាន​ហោះហើរ​ទៅ​កាន់​ទី​ក្រុងឡុងដ៍​កាល​ពី​ចុង​សប្តាហ៍​មុន ដើម្បី​ធ្វើ​ការ​លើ​សំណើរ​ចុងក្រោយ​មួយ ដើម្បី​ចុះ​ហត្ថលេខា​លើ Salah ឲ្យបាន​មុន​ដាច់​ខែ​នេះ។

យោងតាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប​អារ៉ាប៊ីសាអូឌីត​ នឹង​ដាក់​ដេញ​ថ្លៃ​បំបែក​​កំណត់ត្រា​​ពិភពលោក​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ 215 លានផោន បូក​រួម​ទាំង​កម្មវិធី​បន្ថែម​ផ្សេងៗ​ទៀត​ផង​ដែរ។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា ក្លឹប Al-Ittihad សន្យា​ថា នឹង​ផ្ដល់​ប្រាក់​ពលកម្ម​ដល់ Salah ចំនួន 2.45 លានផោន ក្នុង​មួយសប្តាហ៍ ប្រសិន​បើ​គាត់​ទៅ​ចូលរួម​ជាមួយ​ពួក​គេ។ យ៉ាង​ណា បើ​តម្លៃ​ផ្ទេរ​នោះ​កើត​ឡើង​មែន Mohamed Salah នឹង​បំបែក​កំណត់ត្រា​របស់ Neymar Jr ដែល​ផ្ទេរ​ពី Barcelona ទៅ PSG ក្នុង​ឆ្នាំ 2017 ជាមួយ​នឹង​តម្លៃ​ខ្លួន 200 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២