បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើមមួយរូបរបស់អេហ្ស៊ីប អះអាងថា Mohamed Salah នឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត

វីរបុរសបាល់ទាត់អេហ្ស៊ីប Ahmed Hossam Hussein ដែលគេស្គាល់ថា Mido បានអះអាងថា ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah នឹងផ្ទេរទៅ Saudi Pro League នៅឆ្នាំក្រោយ។ យ៉ាងណាមិញ ស្ទើរពេញមួយរដូវក្ដៅទៅហើយដែល Salah ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅទឹកដីមជ្ឃឹមបូព៌ា។
Mohamed Salah ត្រូវបានក្លឹប Al-Ittihad របស់ Saudi Pro League ដាក់សំណើរម្ដងជាពីរដង នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ។ ទោះជាយ៉ាងណាក៏ដោយ ហង្សក្រហម Liverpool បានច្រានចោលការដេញថ្លៃ 150 លានផោនពី Al-Ittihad ដែលចង់បានកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ។
ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ Mohamed Salah នេះដែរ វីរបុរសបាល់ទាត់ Mido គិតថា ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបហង្សក្រហមរូបនេះ នឹងព្រមចាកចេញទៅមជ្ឈឹមបូព៌ានៅពេលវេលាណាមួយខាងមុខ។ Mido បាននិយាយទៅកាន់ King Fut ថា៖ “Mohamed Salah នឹងទៅ Saudi Pro League។ ប៉ុន្តែវានឹងក្លាយជារឿងល្អ ប្រសិនបើគាត់អាចឈ្នះពាន Premier League ក្នុងរដូវកាលនេះមុនចាកចេញ។ បន្ទាប់ពីរដូវកាលក្រោយ គាត់នឹងនៅសល់តែកុងត្រាមួយរដូវកាលទៀតប៉ុណ្ណោះជាមួយ Liverpool។ នៅឆ្នាំក្រោយ Liverpool នឹងមិនអាចស្នើសុំលើសពី 70 រឺ 80 រឺ 100 លានផោន សម្រាប់ការលក់ Mohamed Salah នោះទេ”។
ប្រភព: Dailypost NG