បាល់ទាត់អន្តរជាតិ
ក្លឹបយក្សពីរនៅអង់គ្លេស កំពុងចាប់អារម្មណ៍ខ្លាំងលើ Nahuel Molina

ក្លឹបកាំភ្លើងធំ Arsenal និង Manchester City ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Nahuel Molina របស់ក្លឹប Atletico Madrid។ កីឡាករវ័យ 25 ឆ្នាំរូបនេះ គឺជាមិត្តរួមក្រុមរបស់ Lionel Messi នៅក្នុងក្រុមជម្រើសជាតិ ហើយក៏ជាចំណែកមួយនៃការលើកពាន FIFA World Cup 2022 របស់អាហ្សង់ទីនផងដែរ។
Nahuel Molina បានផ្ទេរទៅចូលរួមជាមួយក្លឹបអេស្ប៉ាញ Atletico Madrid ពីក្លឹប Udinese កាលពីរដូវក្តៅឆ្នាំមុន ហើយទម្រង់លេងរបស់គាត់បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងអំឡុងយុទ្ធនាការរដូវកាលមុននៅឆ្នាំ 2022-2023 ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 43 ប្រកួត។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ភ្នាក់ងាររបស់ខ្សែការពារសញ្ជាតិអាហ្សង់ទីនរូបនេះ កំពុងត្រូវបានទាក់ទងដោយ Arsenal និង Man City ខណៈដែលក្លឹបនៅ Premier League ទាំងពីរនេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគេនៅខែមករាឆ្នាំក្រោយ។ គេបានដឹងថា អ្នកតំណាងរបស់ Nahuel Molina នឹងជួបជាមួយ Atletico Madrid នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការចាកចេញរបស់គាត់ មុនពេលកីឡាករវ័យ 25 រូបនេះ ផុតកុងត្រានៅឆ្នាំ 2024។
ប្រភព: Sportsmole